លោក យូន ស៊ុកយ៉ុល ក្លាយជាប្រមុខរដ្ឋដំបូងគេ ដែលត្រូវបានកាត់ក្ដីក្នុងសំណុំរឿងព្រហ្មទណ្ឌ

សេអ៊ូល៖ ប្រធានាធិបតីព្យួរតំណែងកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានក្លាយជាប្រមុខរដ្ឋដំបូងគេ ដែលត្រូវបានកាត់ក្ដីក្នុងសំណុំរឿងព្រហ្មទណ្ឌនៅថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈនេះ។ ទន្ទឹមនឹងមេធាវីរបស់លោកបានប្រតិកម្មថា ការអនុម័តក្នុងការដាក់ច្បាប់អាជ្ញាសឹក គឺមានបំណងរារាំងរបបផ្តាច់ការនីតិបញ្ញត្តិដោយសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។
អតីតរដ្ឋអាជ្ញាវ័យ៦៤ឆ្នាំរូបនេះ បានស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីលោកត្រូវបានចាប់ខ្លួនកាលពីខែមុនមកម្ល៉េះ ជុំវិញការចោទប្រកាន់ពីបទបះបោរក្រោយប្រកាសចេញច្បាប់អាជ្ញាសឹក។ លោក យូន អាចត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ឬប្រឈមនឹងការកាត់ទោសប្រហារជីវិត។ ដំណើរការនីតិវិធីព្រហ្មទណ្ឌ បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈនេះ នៅឯតុលាការកណ្តាលនៃរដ្ឋធានីសេអ៊ូល។ ដូច្នេះ លោក យូន នឹងត្រូវចូលទៅក្នុងបន្ទប់សវនាការ ដែលមានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹងជុំវិញអគារ។ ទន្ទឹមនឹងនេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ប្រធានាធិបតីព្យួរតំណែងរូបនេះថាជា «មេខ្លោងក្រុមបះបោរ»។
ថ្លែងទៅកាន់តុលាការ មេធាវីរបស់លោក យូន គឺ លោក គីម ហុងអ៊ីល បានថ្កោលទោសការស៊ើបអង្កេតខុសច្បាប់របស់អាជ្ញាធរកូរ៉េខាងត្បូង ដោយលើកហេតុផលថា៖«ស្ថាប័នស៊ើបអង្កេតមិនមានយុត្តាធិការ»។ លោកបន្តថា៖«ការប្រកាសច្បាប់អាជ្ញាសឹកមិនមានបំណងធ្វើឱ្យរដ្ឋមានភាពចលាចលនោះទេ។ ផ្ទុយទៅវិញគឺចង់ជូនដំណឹងដល់សាធារណជនអំពីវិបត្តិជាតិ ដែលបណ្តាលមកពីរបបផ្តាច់ការនីតិបញ្ញត្តិរបស់គណបក្សប្រឆាំងដ៏មានឥទ្ធិពល ដែលបានធ្វើឱ្យរដ្ឋបាលចុះខ្សោយ។ ដូច្នេះ ប្រព័ន្ធតុលាការត្រូវតែធ្វើជាកម្លាំងរក្សាស្ថិរភាពយ៉ាងពិតប្រាកដ»។ ជាមួយគ្នា លោក យូន ក៏បានស្តីបន្ទោសក្រុមប្រឆាំងជុំវិញការតាមព្យាបាទចំពោះការអនុម័តច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ជុំវិញសំណុំរឿងនេះ តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង បានកោះហៅ លោក ហាន ដុកស៊ូ (Han Duck-Soo) ជាអតីតប្រធានាធិបតីស្តីទីឱ្យចូលតុលាការ។ លើសពីនេះ ប្រធានទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង លោក ចូ ជូហូ (Cho Ji-ho) ដែលត្រូវបានកាត់ទោសលើការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធនឹងក្រឹត្យច្បាប់អាជ្ញាសឹក ក៏ត្រូវបានកោះហៅធ្វើជាសាក្សីផងដែរ។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ទេថា តើសវនាការលើការចោទប្រកាន់នេះ នឹងក្លាយជាសំណុំរឿងក្ដីចុងក្រោយរបស់លោក យូន..? យ៉ាងណា មានតែចៅក្រមទាំង៨រូបរបស់តុលាការកំពូលកូរ៉េខាងត្បូងទេ ដែលជាអ្នកកំណត់ និងសម្រេចលើជោគវាសនារបស់លោក យូន។ ដំណើរការនោះ អាចចំណាយពេលដល់ទៅមួយសប្តាហ៍ ឬយូរជាងនេះ។ ដោយឡែក ប្រសិនបើ លោក យូន ត្រូវបានដកចេញពីតំណែង នោះប្រទេសនេះត្រូវតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេល៦០ថ្ងៃ៕

