នាយករដ្ឋមន្ត្រី៖ ការប្រកាសសប្តាហ៍គាំពារសង្គម មិនមែនទើបនឹងចាប់ផ្តើមអនុវត្តនោះទេ ពោលគឺពលរដ្ឋជាង ៧លាននាក់ បានទទួលផលរួចទៅហើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រកាសបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ មិនមែនរដ្ឋាភិបាលទើបតែចាប់ផ្តើមអនុវត្ត គឺប្រជាពលរដ្ឋជាង ៧លាននាក់ បានទទួលផលរួចមកហើយ ចាប់តាំងពីឆ្នាំ២០១៧ ។
ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សុខភាព ជីវភាព ជីវិត និងការរស់នៅរបស់ប្រជាបលរដ្ឋ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ នៅតែជាអទិភាពចម្បងរបស់រដ្ឋាភិបាល ។
សម្តេចធិបតី បន្ថែមថា ក្នុងនោះអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត ក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដោយមិនមែនមានតែការនិយាយ ឬគ្រាន់តែជាទ្រឹស្តីនោះទេ តែជាក់ស្តែងរាជរដ្ឋាភិបាល បានបន្តធ្វើ ហើយបានរុញដល់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវអត្ថប្រយោជន៍នានា ពីកិច្ចការងារគាំពាសង្គមនេះរួចរាល់ហើយដែរ ។
សូមបញ្ជាក់ថា សប្តាហ៍គាំពារសង្គម គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និងលើសកលលោក, ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជន ឲ្យបានជ្រាបកាន់តែច្បាស់ ។ ក្នុងនោះគិតចាប់តាំងពីឆ្នាំ ២០១៧ មក, រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និង ការដាក់ចេញ នូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ក្នុងទិដ្ឋភាពចំនួន ២ រួមមាន៖ ១. ទិដ្ឋភាពជំនួយសង្គម និង២. ទិដ្ឋភាពសន្តិសុខសង្គម៕

