ថៃ៖ ជនបរទេសចម្រុះជាតិសាសន៍ជាង ១ម៉ឺននាក់ នឹងត្រូវបានជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ នៅមីយ៉ាន់ម៉ា

បាងកក៖ ប៉ូលិសភូមិន្ទថៃ ប៉ាន់ប្រមាណថា ជនបរទេសចម្រុះជាតិសាសន៍ជាង១ម៉ឺននាក់នឹងត្រូវបានជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសភូមា(មីយ៉ាន់ម៉ា) ខណៈអាជ្ញាធរថៃកំពុងដុតដៃដុតជើងបង្រ្កាបក្រុមឧក្រិដ្ឋកម្មឆ្លងដែន។
នាយកមជ្ឈមណ្ឌលប្រឆាំងការជួញដូរមនុស្សនៃប្រទេសថៃ អះអាងកាលពីថ្ងៃចន្ទទី១៧ ខែកុម្ភៈថា អាជ្ញាធរថៃកំពុងពិភាក្សាជាមួយសមភាគីមីយ៉ាន់ម៉ា ក្រោមក្របខណ្ឌយន្តការបញ្ជូនបន្ត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជូនជនរងគ្រោះទៅប្រទេសកំណើតរបស់ពួកគេវិញ។ នាយកមជ្ឈមណ្ឌលប្រឆាំងការជួញដូរមនុស្សរូបនេះ បានគូសបង្ហាញថា ថៃគ្រាន់តែដើរតួជាអ្នកសម្របសម្រួលប៉ុណ្ណោះ ហើយប្រសិនបើពួកគេចង់បន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកជួញដូរមនុស្ស ឬអ្នកបោកប្រាស់ នោះពួកគេត្រូវតែប្តឹងទៅអាជ្ញាធរមីយ៉ាន់ម៉ា។ ជាមួយគ្នា នៅឯរាជធានីបាងកកក៏មានកិច្ចប្រជុំ និងវេទិកាស្តីពីការឆបោកតាមប្រព័ន្ធឡាញ និងការជួញដូរមនុស្សនៅតាមបណ្តោយព្រំដែនថៃផងដែរ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបរទេស ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតអាម៉េរិកជាដើម។
ទន្ទឹមគ្នា តំណាងមកពីប្រទេសមីយ៉ាន់ម៉ា ចិន និងថៃ កំពុងពិភាក្សាគ្នាទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍ជនបរទេស ដែលត្រូវបានឃុំខ្លួននៅតំបន់ព្រំដែន Myawady, Shwe Kokko និង KK Park ខណៈអាជ្ញាធរបាននិងកំពុងស៊ើបអង្កេត និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត ការឆបោកតាមប្រព័ន្ធអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀតនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតែប្តេជ្ញាស៊ើបអង្កេត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។ អាជ្ញាធរបន្តសហការជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ និងលុបបំបាត់ល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ និងបណ្តាញបោកប្រាស់ហិរញ្ញវត្ថុនៅក្នុងតំបន់ព្រំដែន។
គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាភូមា ឬមីយ៉ាន់ម៉ា អះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ជនបរទេសប្រមាណ១០៣០នាក់ ដែលត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅជិតព្រំដែនថៃ ទៅកាន់ប្រទេសកំណើតពួកគេវិញ ខណៈអាជ្ញាធរបានប្តេជ្ញាថា នឹងបង្កើនការបង្ក្រាបប្រឆាំងនឹងក្រុមឧក្រិដ្ឋជនឆ្លងដែន៕

