រដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ

ភ្នំពេញ៖ រដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក ឯម ភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
រដ្ឋបាលក្រុងកំពង់សោម ត្រូវបានដាក់ឱ្យដំណើរការក្រោមការដឹកនាំរបស់ លោក នួន ប៊ុនថុល អតីតអភិបាលក្រុងកោះរ៉ុង ត្រូវបានផ្ទេរមកជាអភិបាលក្រុងកំពង់សោមថ្មី វិញ។ លោក នួន ប៊ុនថុល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរតំណែងពីអភិបាលក្រុងកោះរ៉ុង មកជាអភិបាលក្រុងកំពង់សោមថ្មី កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៥។ ក្រៅពីលោក នួន ប៊ុនថុល ក៏នៅមានមន្រ្តីរាជការចំនួន៦រូបទៀត ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលរងក្រុងកំពង់សោមថ្មីដែរ រួមមាន៖ ១.លោក យឹម សុខសំអូន ត្រូវបានផ្ទេរពីអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ, ២.លោក សេក ដារ៉ាវុទ្ធ ផ្ទេរពីអភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ ៣.លោក សុន ពិសី ផ្ទេរពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយអ្នកទាំង៣ត្រូវមកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់សោមវិញ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីកំលុងខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពីការបង្កើត«ក្រុងកំពង់សោម» នៃខេត្តព្រះសីហនុ។ ក្រុងថ្មីនេះ បានសម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ យោងតាមអនុក្រឹត្យ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ និងទីតាំងរដ្ឋបាល ស្ថិតនៅក្នុងសង្កាត់រាម។ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា ទន្ទឹមនឹងដាក់ផែនការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់គោលដៅអភិវឌ្ឍក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដ៏ល្បីល្បាញមួយនៅក្នុងតំបន់នាថ្ងៃអនាគត៕

