កម្ពុជា-ឥណ្ឌា សហការសម្ដែងសិល្បៈរួមគ្នា អបអរពិធីបុណ្យរបាំអន្តរជាតិ-កម្ពុជា ឆ្នាំ២០២៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សិល្បករសិល្បការិនីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងសិល្បការិនី នៃសមាគមសិល្បៈឥណ្ឌាប្រចាំប្រទេសន័រវេសជិត១០០នាក់ បានរួមគ្នាសម្តែងសិល្បៈរបាំរួមគ្នាក្នុងពិធីបុណ្យរបាំ អន្តរជាតិ-កម្ពុជា ២០២៥ ដើម្បីជាការផ្លាស់ប្តូរវប្បធម៌ និងបង្កើននូវកិច្ចទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នៅមុខប្រាសាទបី ក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Seenu Gnanam Travels ប្រចាំនៅខេត្តសៀមរាប ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើង ហើយនេះក៏ជាលើកទី៨ផងដែរ។ កិច្ចសហការដ៏ល្អនេះឆ្លុះបញ្ចាំងឱ្យឃើញពីចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា–ឥណ្ឌា តាំងពីយូរយារណាស់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១ នៃ គ.ស ក្នុងសម័យហ្វូណនមកម៉្លេះ។
លោក មួន សុភាព មានប្រសាសន៍ថា ប្រទេសកម្ពុជា បានទទួលឥទ្ធិពលពីឥណ្ឌានូវសាសនាធំ២ គឺសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា មានជាអាទិ៍ប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ ហើយព្រះពុទ្ធសាសនាត្រូវបានប្រជាជនកម្ពុជា គោរពបូជារហូតដល់សព្វថ្ងៃ។ ក្រៅពីនោះនៅមានទទួលឥទ្ធិពលពីឥណ្ឌានូវទំនៀម ទម្លាប់ប្រពៃណីមួយចំនួនទៀត ដែលដូនតាខ្មែរបានច្នៃប្រឌិតមកជាអត្តសញ្ញាណរបស់ខ្លួនរហូត ដល់បច្ចុប្បន្ន។ ជាមួយគ្នានេះប្រទេសឥណ្ឌាក៏ធ្លាប់បានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាក្នុងវិស័យវប្បធម៌ជាច្រើន ដូចជាការជួយជួសជុលប្រាសាទមួយចំនួន ពិសេសជំនួយជួសជុលប្រាសាទអង្គរ។
លោកប្រធានមន្ទីរ ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងជឿជាក់ថា ទំនាក់ទំនងដ៏ល្អប្រពៃនេះនឹងកើតឡើងជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ ដែលមិត្តភាពកម្ពុជា-ឥណ្ឌានេះ នឹងរិតតែប្រសើរឡើងជារៀងរហូត និងសូមស្នើឱ្យពលរដ្ឋឥណ្ឌាឱ្យមកទស្សនាអង្គរវត្តកាន់តែច្រើនឡើងៗ៕

