ក្រុមហ៊ុនRMA ប្រកាសថា រថយន្តម៉ាក និងDefender ដែលឆេះនៅកម្ពុជាមិនមែនជារថយន្តដែលទិញពីក្រុមហ៊ុនRMAឡើយ

តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុននាំចូលរថយន្ត អ អឹម អេ (ខេមបូឌា) ម.ក (RMA Cambodia) បានបញ្ជាក់ជុំវិញករណីអគ្គិភ័យឆាប់ឆេះចំពោះរថយន្តម៉ាក Range Rover និង ម៉ាក Defender នៅកម្ពុជាថា រថយន្តដែលឆេះទាំងនោះ សុទ្ធសឹងតែមិនមែនជាប្រភេទរថយន្ត ដែលបានជាវពីក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេសនោះទេ។
ជាមួយគ្នា ក្រុមហ៊ុន អ អឹម អេ ខេមបូឌា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន សូមមេត្តាពិចារណាឱ្យបានល្អិតល្អន់ទៅលើប្រភពដើមរបស់រថយន្តមុននឹងបញ្ជាទិញ។ ពិសេស ក្រុមហ៊ុន អ អឹម អេ ខេមបូឌា ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់រថយន្ត ទៅទទួលសេវាថែទាំរថយន្តឱ្យបានទៀងទាត់ពីយានដ្ឋានរបស់ក្រុមហ៊ុន អ អឹម អេ ខេមបូឌា ដែលមានការទទួលស្គាល់ និងបណ្ដុះបណ្ដាលត្រឹមត្រូវពីរោងចក្រនៅប្រទេសអង់គ្លេស ដើម្បីចៀសវាងហានិភ័យ ដូចជា ការឆាបឆេះរថយន្តដោយជាយថាហេតុណាមួយ។
គួរជម្រាបថា កន្លងទៅ ករណីឆាបឆេះរថយន្តម៉ាក Range Rover តែងតែកើតឡើងជារឿយៗ ដោយកើតឡើងនៅក្នុងខេត្តព្រះសីហនុក៏មាន កើតឡើងនៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក៏មាន និងករណីខ្លះទៀតកើតមាននៅរាជធានីភ្នំពេញផងដែរ។ ដោយឡែក សម្រាប់រថយន្តម៉ាក LAND Rover Defender ទើបតែកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណបុរី The Wood តាមផ្លូវចូលវត្ត ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រការខាងលើនេះ ធ្វើឱ្យមហាជន ជាពិសេសអ្នកប្រើប្រាស់រថយន្តមានមន្ទិកសង្ស័យយ៉ាងខ្លាំងថា ហេតុអ្វីបានជាប្រភេទរថយន្ត Range Rover ក៏ដូចជា LAND Rover Defender នេះឧស្សាហ៍ឆាបឆេះខ្លាំងម្លេះ? តើដោយសារតែប្រព័ន្ធភ្លើង ឬក៏បច្ចេកទេសរថយន្តប្រភេទទាំងនេះមានបញ្ហា? យ៉ាងណា មន្ទិលសង្ស័យនេះ ត្រូវបានបញ្ជាក់រួចហើយថា រថយន្តដែលឆាបឆេះកន្លងទៅ មិនមែនជា រថយន្តរបស់ក្រុមហ៊ុន អ អឹម អ ខេមបូឌា នោះឡើយ៕
អត្ថបទ៖ ព្រួញទេព

