ជី ដេវីត ប្រកាសត្រៀមប្ដឹងម្ចាស់ផេកឈ្មោះ«អាក្លូ»ជុំវិញការបង្ហោះវីដេអូប្រេីលេងសេីចមាក់ងាយដល់គ្រួសាររបស់ខ្លួន

តាមរយៈការបង្ហោះសារ និងលិខិតជូនដំណឹងផ្លូវការមួយច្បាប់ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្ន២០២៤ លោក ងួន ចាន់ដាវិត ឬដែលគេស្គាល់ថា ជី ដេវីត (G- Devith) ជាតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ បានប្រកាសថា រូបលោកត្រៀមនឹងរៀបចំឯកសារប្ដឹងទៅម្ចាស់ផេកហ្វេសប៊ុកមួយឈ្មោះថា «អាក្លូ» ក្រោយពីផេកហ្វេសប៊ុកនេះ បានបង្ហោះវីដេអូមួយដែលមានចំណងជេីងថា «Diss រាក់កំភែល»។
លោក ងួន ចាន់ដាវិត បាមចាត់ទុក អត្ថន័យវីដេអូដែលផេកខាងលេីនេះបានបង្ហោះ គឺមានចេតនាប៉ះពាល់ដល់រូបលោក និងក្រុមគ្រួសារ ជាពិសេសប៉ះពាល់ដល់កូនប្រុសរបស់លោកផ្ទាល់ ដោយផេកឈ្មោះ «អាក្លូ» បានប្រេីពាក្យពេចន៍អសីលធម៌ថា «មិនដូចអាអ្នកខ្លះ កូនកេីតមកទាន់ម៉ែឪការ»។ លោកចាន់ដាវិត អះអាងថា ការបង្ហោះវីដេអូរបស់ផេកដដែលនេះ ប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់រូបលោក និងក្រុមគ្រួសាររបស់លោកដែលជាសិល្បៈករសិល្បៈការិនី។ ប្រការនេះ លោកបានពិភាក្សាជាមួយមេធាវីផ្ទាល់ខ្លួនរួចរាល់ហេីយ ដេីម្បីរៀបចំឯកសារដាក់ពាក្យប្ដឹងម្ចាស់ផេកឈ្មោះ «អាក្លូ»។
យ៉ាងណាមិញ ម្ចាស់ផេកឈ្មោះ «អាក្លូ» បានចេញលិខិតសុំទោសទៅកាន់ លោក ងួន ចាន់ដាវិត និងអ្នកនាង ទេព បូព្រឹក ចំពោះការបង្ហោះវីដេអូរបស់ខ្លួន និងបានទទួលស្គាល់កំហុសរបស់ខ្លួន ហេីយសន្យាថា នឹងកែតម្រូវសម្រាប់ការផលិតវីដេអូរបស់ខ្លួននៅពេលក្រោយ។
ជាការកត់សម្គាល់ ផេកហ្វេសប៊ុកឈ្មោះ «អាក្លូ» ត្រូវបានសង្កេតឃេីញថា លុបបាត់ពីបណ្ដាញសង្គមហ្វេសប៊ុកទៅហេីយ។ អ្នកគាំទ្ររបស់តារាចម្រៀងរ៉េប ងួន ចាន់ដាវិត និងអ្នកនាង ទេព បូព្រឹក បានបញ្ចេញមតិរិះគន់ខ្លាំងដល់ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ «អាក្លូ» ចំពោះការបង្ហោះវីដេអូខាងលេីនេះ ពិតជារឿងមិនគួរគប្បីនោះទេ។ តែទន្ទឹមគ្នា ការមានអ្នកប្រេីប្រាស់បណ្ដាញសង្គមមួយចំនួន ចេញមុខនិយាយដល់ម្ចាស់ផេកឈ្មោះ «អាក្លូ» មិនមែនជាកំហុសធ្ងន់ធ្ងរនោះទេ ព្រោះមិនបានបញ្ចេញឈ្មោះនរណាម្នាក់ឡេីយ។ យ៉ាងណា អ្នកប្រេីប្រាស់បណ្ដាញសង្គម កំពុងតាមដានថា តេីករណីនេះភាគីទាំងសងខាងអាចនឹងសម្របសម្រួលគ្នាបញ្ចប់រឿង ឬក៏បន្តចំណាត់តាមផ្លូវច្បាប់។
អត្ថបទ: ព្រួញទេព

