កម្ពុជា-ព័រទុយហ្កាល់ អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Luiz Manuel de Magalhães de Albuquerque Veloso ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋព័រទុយហ្កាល់ប្រចាំព្រះរាជាណាចក្រកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង បាង កក នៅទីស្តីការក្រសួង បន្ទាប់ពីឯកឧត្តម Luiz de Albuquerque Veloso បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងជំនួបភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ៕

