សម្ដេចធិបតី៖ ភាពជោគជ័យរបស់ក្រុមហ៊ុន NCX ជាគំរូមួយដែលវិស័យឯកជនបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញជូនពលរដ្ឋខ្មែរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការរបស់កម្ពុជាក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៥ កុម្ភៈនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ការធ្វើពិពិធកម្មផលិតកម្មគឺជាមធ្យោបាយមួយដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹងនិងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាលគឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹមតែនាំចូលគ្រឿងបង្គំគ្រប់មុខពីក្រៅប្រទេសមកផ្គុំនិងដំឡើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយដែលបច្ចុប្បនមានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដំឡើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយចំនួនទៅលក់នៅក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន NCX បានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។ បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩ និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។ ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក ។
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩ ៕

