ឯកឧត្ដម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសដ៏ថ្លៃថ្លាចម្រើនអាយុ គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមសម្តែងនូវការអបអរសាទរប្រកបដោយ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ គោរពជូនសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ថ្លៃថ្លាចម្រើន អាយុវឌ្ឍនមង្គលគម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំបាទសូមសម្តែងនូវកតញ្ញូតាធម៌ ជូនចំពោះសម្តេចវិបុលសេនាភក្តី គឺជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាគ្រប់រូប និងតែងតែពុះពារគ្រប់ឧបសគ្គ លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងចូលរួម ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី លើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ព្រមទាំងជម្រុញ ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់មគ្គុទេសឯក “បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាម ជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីមង្គលមហាប្រសើរ គោរពជូនសម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕
