ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពទឹក ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ ក្នុងការផ្ដល់ទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ នៅស្រុកចុងកាល់

ភ្នំពេញ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពទឹក ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ក្នុងការផ្ដល់ទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅស្រុកចុងកាល់។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរដល់មន្ទីរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានត្រៀមខ្លួនជាស្រេចក្នុងការតម្លើងម៉ាស៊ីនបូមទឹកពីអាងស្ដុបទឹកស្រែង១ មកអាងស្ដុបទឹកចុងកាល់ និងបានកាយប្រឡាយដែលមានប្រវែង២១៧ម៉ែត្រ ដោយប្រើប្រាស់នូវគ្រឿងចក្រអេស្កាហ្វាទ័រចំនួន ២គ្រឿង Bulldozer ១គ្រឿង ដើម្បីត្រៀមអន្តរាគមន៍រាល់បញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនាពេលខាងមុខ។
គួរបញ្ជាក់ថា ចំពោះការងារបង្កបង្កើនផលស្រូវក្នុងរដូវប្រាំងទូទាំងខេត្តបានចំនួន១៩៣៣ហិចតា ដោយលើសផែនការដែលបានដាក់ជូនឱ្យបងប្អូនប្រជាកសិករបង្កបង្កើនផលត្រឹមតែ ៥៤៩ហិចតាតែប៉ុណ្ណោះ។

