ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យប្រទេសអេហ្ស៉ីប និងហ្ស៊កដានី ទទួលយកប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា

ឌូបៃ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យប្រទេសអេហ្ស៉ីប និងហ្ស៊កដានី ទទួលយកប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាបន្ថែម បានទទួលការប្រឆាំងជំទាស់ពី ប្រទេសទាំង២ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក រួមជាមួយប៉ាឡេស្ទីនដែលភ័យខ្លាចថាអ៉ីស្រាអែលនឹងមិនអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះសម្បែងវិញ។
លោក ត្រាំ បានលើកឡើងពីផែនការមួយ កាលពីថ្ងៃទី២៥ ខែមករា ដោយនិយាយថាលោកផ្ទាល់នឹងជំរុញមេដឹកនាំអេហ្ស៉ីប និងហ្ស៊កដានីឱ្យទទួលយកប្រជាជនប៉ាឡេស្ទីន ដែលបច្ចុប្បន្នមានមួយភាគធំបាត់បង់ផ្ទះ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។
លោកបន្ថែមថាការតាំងទីលំនៅសម្រាប់មួយភាគធំនៃប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ២.៣លាននាក់ អាចនឹងត្រូវបានធ្វើឡើងជាបណ្ដោះអាសន្ន ឬរយៈពេលវែង។
ក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសគំនិតរបស់លោក ត្រាំ ខណៈរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានប្រាប់ក្រុមអ្នកសារព័ត៌មានថាគោលជំហរបដិសេធរបស់ប្រទេស លោកចំពោះសំណើផ្ទេរ ឬជម្លៀសប្រជាជនប៉ាឡេស្ទីន គឺម៉ឺងម៉ាត់ និងគ្មានការប្រែប្រួលឡើយ។ «ការជម្លៀសប្រជាជនប៉ាឡេស្ទីនមិនថាបណ្ដោះអាសន្ន ឬរយៈពេលវែង គឺប្រថុយនឹងការបង្កើនជម្លោះនៅក្នុងតំបន់ ហើយបំផ្លាញដល់ក្ដីរំពឹងនៃសន្តិភាព និងការរួមរស់នៅជាមួយគ្នានៅក្នុងចំណោមប្រជាជនក្នុងតំបន់»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសអេហ្ស៉ីប ក្នុងសេចក្ដីថ្លែងការណ៍មួយ។
រដ្ឋាភិបាលអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ។ ប៉ុន្តែអ្នកនយោបាយស្ដាំនិយមជ្រុលក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគាំទ្រគំនិតរបស់លោក ត្រាំ ដោយពួកគេបានទទូចជាយូរមកហើយនូវអ្វីដែលពួកគេហៅថាជាការស្ម័គ្រចិត្តជម្លៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងចំនួនដ៏ច្រើន ដើម្បីឱ្យអ៉ីស្រាអែលតាំងទីលំនៅឡើងវិញក្នុងតំបន់ហ្កាហ្សា។
លោក Bezalel Smotrich ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងដែលបច្ចុប្បន្នជាដៃគូដ៏សំខាន់របស់លោក Netanyahu នៅក្នុងរដ្ឋាភិបាលចម្រុះបានហៅសំណើរបស់លោកជា «គំនិតដ៏ល្អអស្ចារ្យ»។
ក្រុមអង្គការសិទ្ធិមនុស្ស បានចោទប្រកាន់អ៉ីស្រាអែលជាយូរមកហើយថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន រីឯក្រុមអ្នកជំនាញ UN បានកំណត់ថាគោលនយោបាយមួយដែលត្រូវបាន តាក់តែងឡើងដោយជាតិសាសន៍មួយ ឬដោយក្រុមសាសនាណាមួយ ដើម្បីបណ្ដេញ ឬបង្ខំឱ្យក្រុមណាមួយចាកចេញពីតំបន់ជាក់លាក់ណាមួយ ដោយអំពើហិង្សា និងភេរវកម្មនឹងត្រូវបានចាត់ទុកជាអំពើ ប្រល័យពូជសាសន៍៕

