ឯកឧត្តម សួស យ៉ារ៉ា៖ អង្គសន្និបាតមានទំនុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ មានទំនុកចិត្ត និងប្រកបដោយមោទនភាពចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកដឹកនាំរាជរដ្ឋាភិបាល បានដឹកនាំសេដ្ឋកិច្ចសង្គម ជាពិសេសការពង្រឹងនូវស្ថានភាពហិរញ្ញវត្ថុ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាពសង្គមមានភាពរឹងមាំល្អ។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលមានអស់រយៈពេល ២ថ្ងៃ នៅវិមាន ៧មករា នៅល្ងាចថ្ងៃទី២៦ ខែមករា ២០២៥នេះ។
ឯកឧត្តម សួស យ៉ារ៉ា ពេញចិត្តពេញថ្លើមចំពោះការវាយតម្លៃសេដ្ឋកិច្ច ដូចជាឆ្នាំ២០២៣ យើងមានផលទុនក្នុងស្រុកសរុបក្នុងម្នាក់ៗមានតែ ២៥២០ដុល្លារ ប៉ុន្តែឆ្នាំ២០២៤ យើងបាន ២៧៣ដុល្លារ ហើយចំពោះសុទិដ្ឋិនិយមនៅក្នុងពាណិជ្ជកម្មអន្តរជាតិវិញគឺយើងមានការទុកចិត្តយ៉ាងខ្លាំងចំពោះដំណើរការផលិតកម្ម ដំណើរការវិនិយោគ ដែលធ្វើឲ្យពាណិជ្ជកម្មរបស់យើងនាំចេញក្រៅស្រុកឆ្នាំ២០២៤ យើងមានដល់ទៅលើសពី២៦ពាន់លានដុល្លារ ហើយយើងបានបង្កើតការងារជាង៣០មុឺនកន្លែងសម្រាប់យុវជន។
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានយ៉ាងពេញលេញប្រកបដោយភាពទុកចិត្ត និងភាពរឹងមាំឆ្ពោះទៅកាន់កម្មវត្ថុដែលយើងបានត្រៀមសម្រាប់ឆ្នាំ២០៥០ ហើយយើងនឹងទទួលបានជោគជ័យនៅឆ្នាំ២០២៩ ដែលយើងនឹងចាកចេញពីប្រទេសភាពក្រីក្រនៅក្នុងដំណាក់កាលដែលយើងបានដាក់ក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានជម្រាបជូនថា អត្រាប្តូប្រាក់ និងអតិផរណា យើងមានទាបជាង១ភាគរយ គឺជាចំណុចល្អដែលប្រទេសនៅក្នុងតំបន់អាស៊ានដែលមិនមានសំណាងដូចយើងទេ គឺថាយើងទប់ទល់នឹងអត្រាប្តូប្រាក់ថេរ ហើយសង្ឃឹមថាឆ្នាំ២០២៥ នឹងកើនឡើង ៦.៣ភាគរយ នៃសេដ្ឋកិច្ចរបស់យើងដែលធ្វើការងាររបស់យុវជនយើងមានការកើនឡើងបន្ថែមទៀត ៕

