គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ នឹងប្រើប្រាស់ផ្ទៃដីប្រមាណ៣០ហិកតា

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ គឺជាគម្រោងជំហានទី១ ដែលក្រៅពីការងារស្ថាបនាបណ្តាញលូទឹកកខ្វក់ លូទឹកភ្លៀង និងស្ថានីយបូមទឹកកខ្វក់តូចធំ ក្រសួងសាធារណការក៏នឹងប្រើប្រាស់ផ្ទៃដីប្រមាណ៣០ហិកតា ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន Joint Venture of KUMHO-TECHCROSS។
នាថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោងចុះពិនិត្យការងារនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយករងគម្រោង ប្រធានគម្រោង និងសមាជិកពាក់ព័ន្ធ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture និងក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS។
គោលបំណងនៃដំណើរបេសកកម្មនេះគឺដើម្បីចុះពិនិត្យទីតាំងសំខាន់ៗដែលត្រូវពិភាក្សាតាមគោលដៅអនុវត្តគម្រោង និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៥ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ៕

