លោក ថាំង វីយុទ្ធដា ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កំពុងជួបបញ្ហាខ្វះទឹកស្រោចស្រពប្រមាណ ៣៨៥ហិកតា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

ភ្នំពេញ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ លោកមេឃុំបន្ទាយស្ទោង លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រមាណ ៣៨៥ហិកតា របស់ប្រជាពលរដ្ឋចំនួន ៥០១គ្រួសារ ក្នុងភូមិចំនួន១០ ដែលប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងមានចំនួន ២កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងអេស្កាវាទ័រចំនួន ១គ្រឿង។ លោកបានបញ្ជាក់បន្ថែមថា កិច្ចអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥កន្លងមក ដោយចែកចេញជា ២ជំហាន នៅជំហានទី១ នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះសូ្រវប្រាំងជាបឋមសម្រេចបាន ២ភូមិ គឺភូមិស្រោមដែក និងភូមិបន្ទាយស្ទោង ស្មើនឹងផ្ទៃដី ១៣៩,៥ហិកតា។
ក្នុងឱកាសនេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម និងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនិងបានបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរដោះស្រាយនូវបញ្ហាចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិឱ្យមានការបែងចែកពេលវេលា ដាក់វេនគ្នា ដើម្បីធ្វើការបូមទឹកបញ្ចូលស្រែ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បាននិងកំពុងអន្តរាគមន៍ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំងប្រជាកសិករប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ធំ ក្នុងនោះ ទី១)ឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ទី២)ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ទី៣)ឃុំទ្រៀល ស្រុកតាំងគោកចំនួន ២០៤ហិកតា និងទី៤)ឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងបានប្រមាណ ៦៧៣ហិកតា ក្នុងនោះ ឃុំសាន់គបានចំនួន ៣២២ហិកតា ឃុំកំពង់ថ្មបាន ១៤០ហិកតា ឃុំទ្រៀលបាន ១២៦ហិកតា និងឃុំបន្ទាយស្ទោងបាន ៨៥ហិកតា៕

