ឯកឧត្តម ខ្វៃ អាទិត្យា៖ មកដល់ពេលនេះកំហាប់ភាគល្អិតដែលកើតឡើងនៅក្នុងខ្យល់ មិនមានការគំរាមកំហែងធ្ងន់ធ្ងរនោះទេ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះកំហាប់ភាគល្អិតដែលកើតឡើងនៅក្នុងខ្យល់នេះ មិនមានការគំរាមកំហែងធ្ងន់ធ្ងរនោះទេ ដោយសារវាកើនឡើងក្នុងរយៈពេលមានការប្រែប្រួល និងមានការថយចុះវិញ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «គុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា» នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតំលៃថា ការថយចុះនេះដោយសារតែមានការអន្តរាគមន៍ ឬក៏ភ្លើងដែលឆេះនូវប្លាស្ទិច សំរាម និងព្រៃជាដើមនោះ វារលត់ទៅវិញ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ប្រសិនបើកន្លែងណាដែលស្ថិតនៅក្នុងរង្វង់២៤ម៉ោងដែលយើងរកឃើញថាមានកំហាប់ភាគល្អិតនៃខ្យល់កើនឡើងនៅក្នុងបន្ទាត់ក្រហមលើសពីស្តង់ដាររបស់ក្រសួង យើងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការថែទាំសុខភាព បើមានការសង្ស័យពីសុខភាពខុសប្រក្រតីសូមឲ្យទៅជួបជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតកន្លែងខ្លួនរស់នៅ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន និងសហការក្រសួងសុខាភិបាល នឹងរៀបចំជាសារថែទាំសុខភាពបន្ថែមទៀតផងដែរ ដើម្បីជួយឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់អំពីការថែទាំសុខភាព។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ យើងមិនទាន់មានវិធានការណាហាម ឬតម្រូវឲ្យប្រជាពលរដ្ឋអនុវត្តនូវឡើយទេ ដោយសារគុណភាពខ្យល់សរុបនៅទូទាំងប្រទេស គឺខេត្តភាគច្រើនមិនទាន់មានការគំរាមកំហែង ឬក៏គុណភាពខ្យល់ពុលលើសពីបន្ទាត់ក្រហមស្តង់ដារគុណភាពខ្យល់សាធារណៈយើងទេ។ ហើយក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋពិនិត្យតាមដានគុណភាពខ្យល់ជាប្រចាំផងដែរ ដើម្បីងាយស្រួលទទួលបានព័ត៌មាន ហើយមានការថែទាំសុខភាពបានល្អផងដែរ ៕

