ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប រិះគន់ លោក ដូណាល់ ត្រាំ ដែលនិយាយថាអឺរ៉ុបដើរតាមក្រោយអាមេរិក លើការផ្តល់ជំនួយទៅឱ្យអ៊ុយក្រែន

ព្រុចសែល៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) បានរិះគន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលនិយាយថាអឺរ៉ុបដើរតាមក្រោយអាមេរិក លើការផ្តល់ជំនួយទៅឱ្យអ៊ុយក្រែន ហើយប្លុកអឺរ៉ុបមាន តួនាទីសំខាន់ នៅនិយាយដល់កិច្ចចរចាសន្តិភាព។
លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនផ្តល់ជំនួយ ដល់អ៊ុយក្រែនច្រើនជាងអឺរ៉ុប ប៉ុន្តែលោកស្រី Kallas ថាអឺរ៉ុបបានផ្តល់ច្រើនជាង។ នៅពេលត្រូវបានសាកសួរ ជុំវិញការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ឱ្យអឺរ៉ុបផ្តល់ជំនួយដល់អ៊ុយក្រែនថែមទៀត លោកស្រី Kallas ឆ្លើយថា «យើងបានផ្តល់ទៅអ៊ុយក្រែន ច្រើនជាង ១៣៤ពាន់លានអឺរ៉ូ។ ចំនួននេះនាំឱ្យយើងក្លាយជាអ្នកផ្តល់ជំនួយធំជាងគេបំផុត»។
លោកស្រី Kallas ក៏បានលើកឡើងផងដែរថា វាជារឿងសំខាន់ដែលត្រូវរាប់បញ្ចូលអឺរ៉ុប គ្រប់ពេលដែលមានការចរចា ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្រុមមន្រ្តីអឺរ៉ុបមួយចំនួន បារម្ភថាលោក ត្រាំ អាចព្យាយាមរកការព្រមព្រៀងផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន៕

