ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងនឹងចំណាយ ២.៩៩ពាន់លានដុល្លារអាមេរិក ទៅលើដំណើរការសាងសង់រដ្ឋធានីថ្មី

ហ្សាការតា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto គ្រោងនឹងចំណាយថវិកា៤៨.៨ទ្រីលានរូពីឥណ្ឌូណេស៉ី ឬស្មើនឹង២.៩៩ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០២៩ ទៅលើដំណើរការសាងសង់រដ្ឋធានីថ្មី Nusantara ហើយមាន គោលដៅផ្លាស់រដ្ឋាភិបាល ទៅកាន់ទីនោះទាំងស្រុង នៅឆ្នាំ២០២៨។
ដំណើរការសាងសង់ទីក្រុង Nusantara ដែលមានតម្លៃសរុប៣២ពាន់លានដុល្លារ នៅលើកោះ Borneo បានចាប់ផ្តើមកាលពី ឆ្នាំ២០២២ ក្រោយត្រូវបានពន្យារពេលអស់ប៉ុន្មានឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។ វាគឺជាគម្រោងដែលចាប់ផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo។
គួរបញ្ជាក់ថា លោក Widodo មានបំណង់ចង់រើរដ្ឋធានី ទៅចម្ងាយ១២០០គីឡូម៉ែត្រ ចេញពីទីក្រុងហ្សាការតា នៅលើកោះជ្វា ដែលសព្វថ្ងៃនេះ កំពុងជួបបញ្ហាកកស្ទះតាន់តាប់ខ្លាំង ហើយលិចចូលសន្សឹមៗទៅក្នុងសមុទ្រថែមទៀត។ យោងតាមទិន្នន័យរបស់ ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៉ី លោក Widodo បានចំណាយថវិកា៧៥.៨ទ្រីលានរូពី កាលពីចន្លោះឆ្នាំ២០២២ ដល់២០២៤ ទៅលើគម្រោងរដ្ឋធានី Nusantara៕

