អាស៊ាន៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនគូរៀបចំការបោះឆ្នោតចំពេលមានសង្គ្រាមស៊ីវិលផ្ទុះឡើងកាន់តែខ្លាំងនោះទេ

គូឡាឡាំពួរ៖ កាលពីថ្ងៃអាទិត្យទី១៩ ខែមករា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា ផែនការក្នុងការរៀបចំការបោះឆ្នោតចំពេលមានសង្គ្រាមស៊ីវិលផ្ទុះឡើងកាន់តែខ្លាំងមិនគួរជាអាទិភាពនោះទេ ដោយជំរុញឱ្យរបបយោធាចាប់ផ្តើមការសន្ទនា និងបញ្ចប់អរិភាពជាបន្ទាន់។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការប្រយុទ្ធគ្នា ហើយបានប្រាប់អ្នកតំណាងរបបយោធាអនុញ្ញាតឱ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ដោយមិនមានការរារាំង។
លោក ម៉ូហាម៉ាត់ បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះឡាំងកាវីថា៖«ម៉ាឡេស៊ីចង់ដឹងថា មីយ៉ាន់ម៉ាកំពុងគិតអ្វី? យើងបានប្រាប់ពួកគេ ថាការបោះឆ្នោតមិនមែនជាអាទិភាពទេ! អាទិភាពនៅពេលនេះ គឺបញ្ឈប់ការបាញ់ប្រហារ»។ បន្ថែមពីនោះ ប្រមុខការទូតម៉ាឡេស៊ី បានលើកឡើងថា៖«យើងចង់ឱ្យប្រទេសមីយ៉ាន់ម៉ាប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដើម្បីបញ្ឈប់អរិភាព និងមានការសន្ទនា វាសាមញ្ញណាស់។ អ្វី ដែល យើង ចង់ បាន គឺ ជំនួយ មនុស្សធម៌ គ្មាន ការ រារាំង ដែល អាច ទៅ ដល់ដៃប្រជាជន ទាំង អស់ ក្នុង ប្រទេស មីយ៉ាន់ម៉ា»។
លោក ម៉ូហាម៉ាត់ ក៏ បាន សង្កត់ ធ្ងន់ ថា អាស៊ាន គ្មាន ចេតនា ចង់ ដក មីយ៉ាន់ម៉ា ចេញ ពី ប្លុក នេះ ទេ ហើយ ប្លុក នេះ តាំង ចិត្ត ធ្វើ ការ សន្ទនា ដោយ សន្តិវិធី ជាមួយ មេដឹកនាំ របបសឹក។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្វើឡើងបន្ទាប់ពីតំណាងរបស់មីយ៉ាន់ម៉ា លោក អ៊ុង ខ្យាវ ម៉ូ (Aung Kyaw Moe) រៀបរាប់សង្ខេបដល់រដ្ឋមន្ត្រី អំពីផែនការរបស់របបយោធាក្នុងការរៀបចំការបោះឆ្នោត ដោយមិនផ្តល់កាលបរិច្ឆេទណាមួយឡើយ។ លោក អ៊ុង ខ្យាវ ម៉ូ ជាលេខាធិការកិច្ចការបរទេសរបស់របបយោធា។
ម៉ាឡេស៊ី ក៏បានប្រកាសតែងតាំងអតីតឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំ នៅ សហរដ្ឋអាម៉េរិក និង សាធារណរដ្ឋ ឆែក លោក អូថម៉ាន ហាស៊ីម ជាបេសកជនពិសេស ស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិអះអាងថា តម្រូវការមនុស្សធម៌ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ដោយមានប្រជាជនជិត២០លាននាក់ ច្រើនជាងមួយភាគបីនៃចំនួនប្រជាជនកំពុងត្រូវការជំនួយ។ លោកគឺជាបេសកជនពិសេសទីប្រាំរបស់អាស៊ានសម្រាប់វិបត្តិមីយ៉ាន់ម៉ា ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅឆ្នាំ២០២១។
លោក អូថម៉ាន នឹង ទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស មីយ៉ាន់ម៉ា ក្នុង ពេល ឆាប់ៗ។ លោក អូថម៉ាន មានភារកិច្ចបញ្ចុះបញ្ចូលភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តផែនការសន្តិភាព៥ចំណុចរបស់អាស៊ាន(កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច) ដែលមិនមានវឌ្ឍនភាពទាល់តែសោះ ចាប់តាំងពីវាត្រូវបានដាក់ចេញជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលឈានទៅដល់ការបះបោរប្រដាប់អាវុធរីករាលដាលពេញផ្ទៃប្រទេស។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បាននិយាយថា រដ្ឋមន្ត្រីការបរទេសមួយចំនួនកាលពីថ្ងៃអាទិត្យក៏បានអំពាវនាវឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដែលជាឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោ ត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារឆ្នាំ២០២១ផងដែរ៕

