ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិការគណបក្សក្រសួង, ឯកឧត្តមអនុប្រធានគណ:ប្រចាំការ, ឯកឧត្តមសមាជិកគណ:ប្រចាំការ, ឯកឧត្តមអនុប្រធានគណបក្សក្រសួង, ឯកឧត្តមលោកជំទាវ សមាជិកគណៈអចិន្រ្តៃយ៍គណបក្សក្រសួង ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និងក្រុមការងារយុវជនសរុប ១.១២៨នាក់។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងអនុវត្តតាមយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគំរូវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវឧត្ដមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានណែនាំឱ្យក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តប្រឹងប្រែងបំពេញភារកិច្ច ដើម្បីសម្រេចឱ្យបានសមិទ្ធផលដ៏ត្រចះត្រចង់បម្រើឱ្យឧត្តមប្រយោជន៍យុវជន គណបក្ស និងប្រទេសជាតិ ក្រោមស្មារតីតែមួយ គឺ យុវជនដើម្បីគណបក្ស និង គណបក្សដើម្បីយុវជន។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍បន្ថែមដើម្បីឱ្យក្រុមការងារយុវជនគណបក្សក្រសួង មានដំណើរការកាន់តែផុលផុសគឺ៖ ទី១).ត្រូវស្មោះត្រង់ និងអនុវត្តតាមគោលនយោបាយគណបក្សឥតងាករេ, ទី២).បន្តសាមគ្គីភាពផ្ទៃក្នុង និងជួយទុក្ខធុរៈគ្នា, ទី៣).បន្តចូលរួមថែរក្សាសមិទ្ធផលចាស់មានស្រាប់ និងបង្កើនសមិទ្ធផលថ្មី, ទី៤).បន្តអភិវឌ្ឍន៍ខ្លួនជានិច្ចដើម្បីពង្រឹងសមត្ថភាពជាអ្នកបន្តវេននាពេលអនាគត, ទី៥).បន្តចូលរួមថែរក្សាសន្ដិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា, ទី៦).បន្តផ្សព្វផ្សាយ និងកៀរគរយុវជនឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា, ទី៧).បន្តចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចស្ថាប័ន និងទី៨).បន្តលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ៕

