ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន

ភ្នំពេញ៖ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានយុវជន បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់ នៃអគ្គនាយកដ្ឋានយុវជន។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន បានថ្លែងនូវមតិស្វាគមន៍ និងលើកឡើង អំពីសមិទ្ធផលការងារធំៗ ដែលអគ្គនាយកដ្ឋានយុវជនសម្រេចបាន ដែលលទ្ធផលទាំងអស់នេះបានជះឥទ្ធិពលជាវិជ្ជមានដល់យុវជនទាំងក្នុង និងក្រៅសាលា តាមរយៈកម្មវិធីអភិវឌ្ឍយុវជននានា។ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្មវិធីទាំងអស់នេះ នៅមិនទាន់មានវិសាលភាពគ្របដណ្តប់ដល់យុវជនគ្រប់ទិសទីនៅឡើយ ដូច្នេះហើយទាមទាឱ្យមានការចូលរួមពី គ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញបង្កើតកម្មវិធីថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន សំដៅលើកម្ពស់សមត្ថភាព បំណិន និងភាពធន់របស់យុវជននៅកម្ពុជា ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារការងារ និងអន្តរជាតិ។
ឯកឧត្តមបានលើកឡើងថា យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន ដែលនេះជាទម្រង់មួយ នៃការបណ្តុះសមត្ថភាពរបស់យុវជន ក៏ដូចជាការផ្តល់ឱកាសដល់យុវជនបានរួមចំណែក សម្រេចនូវគោលដៅនានារបស់ក្រសួង៕

