សម្តេចធិបតី៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ជាឱកាសមួយសម្រាប់ការភ្ជាប់ពាណិជ្ជកម្មរបស់អ្នករកស៊ី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ សម្រាប់សម្តេចធិបតី ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ជាឱកាសមួយសម្រាប់ការភ្ជាប់ពាណិជ្ជកម្មរបស់អ្នករកស៊ី។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្ដរជាតិ រួមមាន៖
ទី១៖ ការបន្តធ្វើពិពិធកម្មទីផ្សារ ទាំងក្នុង និងក្រៅប្រទេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និង ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាដែលកម្ពុជាទទួលបាន សម្រាប់ជំរុញការធ្វើពិពិធកម្មផលិតផល នាំចេញ។
ទី២៖ ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវាសាធារណៈ។
ទី៣៖ ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យ ឯកជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង សំណូមពររបស់វិស័យឯកជន។
ទី៤៖ ការបន្តពិនិត្យឡើងវិញនូវរាល់ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យពាណិជ្ជកម្ម សំដៅលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលតែងជួបជជែកផ្ទាល់ជាមួយអ្នកធ្វើធុរកិច្ច ដើម្បីទទួលបានបញ្ហាពិតជាក់ស្តែង ហើយដាក់ចេញដំណោះស្រាយ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ពាក់ព័ន្ធកិច្ចការរបស់ក្រសួងស្ថាប័នរបស់រដ្ឋ ៕

