រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាមេរិក គ្រោងកោះហៅមេធំក្រុមហ៊ុនបច្ចេកវិទ្យាមកប្រជុំ ករណីលក់គ្រឿងញឿនលើអនឡាញ

បរទេស៖ យោងតាមរបាយការណ៍ពី The Information បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញមេធំក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៥រួមទាំង Google, Microsoft និង Meta ជាដើមនោះ ទៅចូលរួមកិច្ចប្រជុំមួយនៅពាក់កណ្តាលខែធ្នូនេះ អំពីការដោះស្រាយការលក់ថ្នាំញៀនលើបណ្តាញសង្គមអ៊ីនធឺណិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។
តាមរបាយការណ៍បានឲ្យដឹងថា ក្រុមជំនួយការរបស់លោក Trump បានផ្ញើអ៊ីមែលទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងនោះរួមទាំងក្រុមហ៊ុន Snap និង TikTok ផងដែរ ដើម្បីឲ្យចូលមករបាយការណ៍ពីករណីលក់ថ្នាំញៀនលើអនឡាញ។
មន្ត្រីអន្តរកាល ចង់ដឹងពីការលើកឡើងរបស់ក្រុមហ៊ុនទាំងនោះ អំពីអាទិភាពរបស់ពួកគេនិងឧបសគ្គនានា ក្នុងការដោះស្រាយបញ្ហាជុំវិញការលក់ថ្នាំតាមអ៊ីនធឺណិត។ យ៉ាងណាមិញ ជុំវិញរបាយការណ៍នេះ ទាំង Google, Microsoft, Meta, Snap, TikTok និងក្រុមការងាររបស់ លោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។
លោក Trump បានប្តេជ្ញាថា នឹងធ្វើឱ្យម៉ិកស៊ិកបញ្ឈប់លំហូរនៃសារធាតុ fentanyl ទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្លាប់ជនជាតិអាមេរិករាប់សែននាក់ ហើយបានគំរាមដាក់ពន្ធលើទំនិញពីម៉ិកស៊ិក និងកាណាដា លុះត្រាតែប្រទេសទាំងនោះទប់ស្កាត់ការជួញដូរ fentanyl និងការធ្វើចំណាកស្រុកខុសច្បាប់។
កាលពីខែវិច្ឆិកា លោក Trump ក៏បានសរសេរនៅក្នុងការបង្ហោះនៅលើ Truth Social ថា លោកនឹងធ្វើការលើយុទ្ធនាការផ្សាយពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ដោយពន្យល់ពីរបៀបដែល fentanyl ជះផលអាក្រក់សម្រាប់មនុស្សដែលបានប្រើប្រាស់វា។

