ជប៉ុនផ្តល់ជំនួយសន្តិសុខ ១១លានដុល្លារដល់ ហ្វីលីពីន ដើម្បីពង្រឹងសន្តិសុខ និងសមត្ថភាពឃ្លាំមើលដែនសមុទ្រ

ម៉ានីល៖ ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខចំនួន១,៦ពាន់លានយ៉េន ឬស្មើនឹងប្រមាណ១០,៦៥លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ដើម្បីពង្រឹងសន្តិសុខ និងសមត្ថភាពឃ្លាំមើលដែនសមុទ្ទរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងសមុទ្ទចិនខាងត្បូង។
ទាំងហ្វីលីពីន និងជប៉ុន ជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់បងធំសហរដ្ឋអាម៉េរិក បានប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាអាកប្បកិរិយាឈ្លានពានរបស់នាវាចិន ចំពេលមានជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍លើអធិបតេយ្យភាពដែនសមុទ្ទ។ ខ្លាកំណាចជំនាន់សង្គ្រាមលោកជប៉ុន នឹងផ្តល់ឱ្យកងទ័ពជើងទឹកហ្វីលីពីននូវឧបករណ៍ដូចជា ទូកល្បាត និងប្រព័ន្ធរ៉ាដាតាមឆ្នេរសមុទ្ទក្រោមកម្មវិធីជំនួយសន្តិសុខក្រៅប្រទេសរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពការយល់ដឹងអំពីដែនសមុទ្ទរបស់ហ្វីលីពីន។
ស្ថានទូតជប៉ុនប្រចាំនៅហ្វីលីពីន បានបញ្ជាក់ថា៖«គម្រោងនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការរក្សា និងពង្រឹងសន្តិសុខក្នុងតំបន់ និងដើម្បីពង្រឹងសន្តិសុខនៃផ្លូវសមុទ្ទដ៏សំខាន់ ហើយនឹងមានសារសំខាន់ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន»។ កងទ័ពអាកាសហ្វីលីពីន នឹងទទួលបានឧបករណ៍ដើម្បីគាំទ្រប្រព័ន្ធរ៉ាដាឃ្លាំមើលដែនអាកាសរបស់ខ្លួន បង្កើនសមត្ថភាពត្រួតពិនិត្យ។
នាយកដ្ឋានការពារជាតិហ្វីលីពីន បានរាយរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលពង្រឹងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ជប៉ុន និងហ្វីលីពីនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ទន្ទឹមនឹងនេះ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកបង្ហាញថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុននៅថ្ងៃសុក្រ បានធ្វើសកម្មភាពសហប្រតិបត្តិការដែនសមុទ្ទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង។ សមយុទ្ធនេះមានគោលបំណងពង្រឹងអន្តរប្រតិបត្តិការនៃយុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីការពារជាតិ។
កាល ពី ខែ កក្កដា សម្ព័ន្ធមិត្តអាម៉េរិកទាំង២ [ហ្វីលីពីន និង ជប៉ុន] បាន ចុះ ហត្ថលេខា លើ កតិកាសញ្ញា យោធា ដ៏ សំខាន់ មួយ ដែល អនុញ្ញាត ឱ្យ មាន ការ ដាក់ ពង្រាយ កម្លាំង នៅ លើ ដី របស់ គ្នា ទៅ វិញ ទៅ មក ធ្វើ ឱ្យ កិច្ច សហប្រតិបត្តិការ យោធា រវាង ប្រទេស ទាំង ពីរ មាន ភាព រលូន។ មែនទែនទៅ ជប៉ុន មិនមាន ការទាមទារ ចំពោះ សមុទ្ទចិន ខាងត្បូង ទេ ប៉ុន្តែ មាន ជម្លោះ ដែនសមុទ្ទដាច់ដោយឡែក ជាមួយ ចិន នៅ សមុទ្ទចិន ខាងកើត ។ កាលពីថ្ងៃពុធ ហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំឆ្នេរសមុទ្ទចិនថា បានប្រើកាណុងបាញ់ទឹក លើទូកការិយាល័យជលផលរបស់ខ្លួន។ យ៉ាងណាមិញ ចិនបានអះអាងថា សកម្មភាពរបស់ខ្លួនគឺស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ៕

