គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលាសម្រាប់សមាជិកសភាមកពីបណ្តាប្រទេសអាស៊ាន នៅប្រទេសចិន រយៈពេល១០ថ្ងៃ ពីថ្ងៃទី២០-២៩ ខែវិច្ឆិកា

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរដ្ឋសភាកម្ពុជារួមមាន៖ ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ និងឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “Exploring New Paths for Modernization and Working Together to Build a Closer China-ASEAN Community of Shared Future” សម្រាប់សមាជិកសភាមកពីបណ្តាប្រទេសអាស៊ាន នៅខេត្តក្វាងស៊ី ខេត្តក្វាងទុង និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះ រៀបចំដោយ Academy for International Bussiness Officials (AIBO) និងមានការឧបត្ថម្ភគាំទ្រដោយក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមពីសមាជិកសភាមកពីបណ្តាប្រទេសអាស៊ាន រួមមាន៖ កម្ពុជា ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងទីម័រឡេស្តេ។ ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម LOSANG GYALTSEN អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន។ វាគ្មិនសំខាន់ៗនៅក្នុងអង្គសិក្ខាសាលា បានធ្វើបទបង្ហាញស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យផ្សេងៗក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ និងបណ្តុះសហគមន៍អាស៊ានឱ្យកាន់តែជិតស្និទ្ធដើម្បីអនាគតរួមគ្នា ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់រូប ការណែនាំអំពីវិទ្យាសាស្ត្ររបស់ប្រទេសចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ការអភិវឌ្ឍផលិតភាពគុណភាពថ្មីៗ ការប្រកាន់ខ្ជាប់នូវទស្សនវិស័យផ្តោតលើប្រជាជនដើម្បីធានាបាននូវភាពវិជ្ជមានរបស់ប្រជាជនជាម្ចាស់របស់ប្រទេស ដោយផ្តោតលើប្រព័ន្ធនៃសមាជប្រជាជន និងដំណើរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យ ការអនុវត្តដំណើរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងការបង្កើតច្បាប់ និងការត្រួតពិនិត្យ។
ក្រៅពីការចូលរួមក្នុងសិក្ខាសាលា ប្រតិភូសភាអាស៊ានបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ការជួបឈ្វេងយល់ជាក់ស្តែងនៅតាមមូលដ្ឋាននានា ក៏ដូចជាការបំពេញទស្សនកិច្ចនៅកន្លែងសំខាន់ៗមួយចំនួន នៅក្នុងក្រុងប៉េកាំង ក្រុងណាននីង ខេត្តក្វាងស៊ី និងក្រុងគ័ងចូវ ខេត្តក្វាងទុង ដោយទទួលបាននូវបទពិសោធ និងពុទ្ធិជាច្រើន ដែលកម្ពុជាបានរៀនសូត្របន្ថែមពីមិត្តចិន និងបណ្តាប្រទេសក្នុងអាស៊ាន ក្នុងការពង្រឹងសមត្ថភាពដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ និងលើកកម្ពស់ការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ ដើម្បីឈានសម្រេចបានសហគមន៍ជោគវាសនារួម។
សូមរម្លឹកថា កាលពីឆ្នាំ២០២១ ប្រទេសចិន និងអាស៊ាន បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ២០២២ភាគីទាំងពីរបានបង្កើតទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅ។
នៅក្នុងឱកាសអង្គសិក្ខាសាលានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានចែករំលែកបទពិសោធមួយចំនួនរបស់កម្ពុជា និងបានបញ្ជាក់ជូនថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative/BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (Global Development Initiative/GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative/GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (Global Civilization Initiative/GCI) របស់មិត្តចិន។
គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកការតភ្ជាប់ក្នុងប្រទេសកម្ពុជា និងរវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងក្នុងតំបន់ ដែលជាកត្តារួមវិភាគទានដ៏សំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងន័យនេះ យើងចាំបាច់ត្រូវជំរុញបន្ថែមទៀតនូវការបន្ស៊ីគ្នាជាយុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាព៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ចិនជាដៃគូពាណិជ្ជកម្ម ជាអ្នកវិនិយោគ និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។
យើងសង្ឃឹមថាមិត្តចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ យើងក៏ត្រូវចាំបាច់ជំរុញបន្ថែមទៀតពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។ ជាក់ស្តែង យើងត្រូវប្រឹងប្រែងក្នុងការជំរុញសម្រេចឱ្យបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”។ យើងដឹងហើយថាឆ្នាំនេះត្រូវបានកំណត់ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន”ហើយយើងបានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ យើងប្រាថ្នាចង់ឱ្យមានការផ្លាស់ប្តូរនេះនៅបន្ត និងពង្រីកបន្ថែមទៀតលើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍។
នៅក្នុងបរិបទនៃការកសាងសហគមន៍ជោគវាសនារួម ការងារការទូតសភាកាន់តែមានតួនាទីសំខាន់ក្នុងការជំរុញដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយយកប្រជាជនជាស្នូល ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់វិស័យ ការសម្របសម្រួលកម្មវិធីពង្រឹងសមត្ថភាព និងការលើកកម្ពស់កម្មវិធីផ្លាស់ប្តូរ។ ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងសហការរបស់យើងក៏បានពង្រីកកាន់តែខ្លាំងឡើង។ តាមរយៈកិច្ចសហប្រតិបត្តិការសភា យើងបានសហការគ្នាប្រកបដោយភាពជោគជ័យលើបញ្ហានានានៅតាមវេទិកាអន្តរសភាផ្សេងៗ ហើយយើងនឹងបន្តគាំទ្រគ្នាទៅវិញទៅមក តាមរយៈវេទិកាពហុភាគីសំខាន់ៗ ដូចជា សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) និងអន្តរសភាអាស៊ាន (AIPA) ជាដើម។ សភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្កើតសហគមន៍ដែលផ្តោតលើប្រជាជនជាមួយនឹងជោគវាសនារួមរបស់យើង ដែលនេះមានន័យថា ជោគវាសនារបស់យើងមានភាពប្រទាក់ក្រឡាគ្នា និងជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ដូចនេះ យើងត្រូវធ្វើការរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន។ កិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត និងស៊ីជម្រៅ រវាងប្រទេសយើង ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងរដ្ឋបាលមូលដ្ឋាន ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា អាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។ កម្ពុជាក៏សូមសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ៕

