និស្សិត និងសាមណៈនិស្សិតអាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត សរុបចំនួន៤០អង្គ/នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិត និងសាមណៈនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៤០អង្គ/នាក់ ដឹកនាំដោយ ឯកឧត្តម គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី១ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។
និស្សិត និងសាមណៈនិស្សិត បានស្វែងយល់អំពីប្រវត្តិសាស្ត្រជាតិកម្ពុជា ពិសេសពាក់ព័ន្ធនឹងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
តាមរយៈទស្សនកិច្ចសិក្សានេះ គណៈប្រតិភូបានស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រជាតិដែលមានចារឹកក្នុងចម្លាក់ គំនូរ សួន ស្ថាបត្យកម្មនានានៅវិមានឈ្នះ ឈ្នះ ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាពសុខដុមក្នុងការសិក្សា និងយល់ពីគុណតម្លៃនៃសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះដែលមាននៅទីតាំងវិមានឈ្នះ ឈ្នះ ៕

