អ៊ុយក្រែន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី

កៀវ៖ អ៊ុយក្រែន បាន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី កាល ពី ថ្ងៃ ពុធទី២០ ខែវិច្ឆិកា ជា អាវុធ ថ្មី បំផុត របស់ លោកខាងលិច ដែល ត្រូវបាន អនុញ្ញាត ឱ្យ ប្រើ វាយប្រហារ លើ គោលដៅក្នុងប្រទេស រុស្ស៊ី មួយ ថ្ងៃ បន្ទាប់ ពី រដ្ឋធានីកៀវ បាញ់ មីស៊ីល ATACMS របស់ អាម៉េរិក។ ការណ៍នេះ កើតឡើងទោះរុស្ស៊ីបន្តព្រមានពីការប្រើអាវុធប្រល័យលោកក៏ដោយ។
ការវាយប្រហារនេះ ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីនៅលើកម្មវិធីផ្ញើសារតេឡេក្រាម និងបញ្ជាក់ដោយមន្ត្រីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ គណនីមួយបានអះអាងក្នុងកម្មវិធីផ្ញើសារតេឡេក្រាមថា អ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadows រហូតដល់១២ដើមចូលទៅក្នុងតំបន់ Kursk។
ទាក់ទិននឹងការវាយប្រហារនេះ អ្នក នាំពាក្យ នាយក រដ្ឋមន្ត្រី អង់គ្លេស លោក ឃៀ ស្តាមឺរ (Keir Starmer) បាន បដិសេធ មិន ធ្វើ អត្ថាធិប្បាយ ទេ។ អង់គ្លេស ធ្លាប់ បាន អនុញ្ញាត ឱ្យ អ៊ុយក្រែន ប្រើ មីស៊ីល Storm Shadows ដែល អាចវាយប្រហារបាន រយៈ ចម្ងាយ លើស ពី២៥០ គីឡូម៉ែត្រ ក្នុង ទឹកដី អ៊ុយក្រែន។
រដ្ឋាភិបាលរដ្ឋធានីកៀវ បាននិងកំពុងដាក់សម្ពាធលើដៃគូលោកខាងលិច សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធបែបនេះ ដើម្បីវាយប្រហារគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ី។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារចូលជ្រៅទៅក្នុងដីរុស្ស៊ី ពីរខែមុនពេលលោកចាកចេញពីតំណែង។ ខណៈការប្រើប្រាស់មីស៊ីលរបស់អ៊ុយក្រែន បានបង្កើនភាពតានតឹង សហរដ្ឋអាម៉េរិកបានបិទស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកៀវ កាលពីថ្ងៃពុធ ជាការប្រុងប្រយ័ត្ន ដោយសារតែមានការគំរាមកំហែងនៃការវាយប្រហារតាមអាកាសដ៏ធំមួយ។
ជាមួយនឹងការបិទបណ្តោះអាសន្នរបស់ស្ថានទូតអាម៉េរិក ស្ថានទូតអ៊ីតាលី អេស្បាញ និងក្រិក ក៏បានបិទទ្វារដែរ។ ចំណែកឯ កាណាដាបានផ្អាកសេវាកម្មដោយផ្ទាល់នៅឯស្ថានទូតរបស់ខ្លួន។ ស្ថានទូត បារាំង នៅ តែ បើក ទ្វារ ប៉ុន្តែ បាន ដាស់តឿន ពលរដ្ឋ ខ្លួន ឱ្យ ប្រុង ប្រយ័ត្ន។ ស្ថានទូតអាម៉េរិក នឹង បើក ឡើង វិញ នៅ ថ្ងៃ ព្រហស្បតិ៍។
មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធក៏បានប្រកាសផ្តល់ជំនួយយោធាចំនួន២៧៥លានដុល្លារដល់អ៊ុយក្រែន ដែលរួមបញ្ចូលគ្រាប់កាំភ្លើងបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS។ ការប្រើប្រាស់លើកដំបូងរបស់ ATACMS របស់អាម៉េរិក កាលពីថ្ងៃអង្គារដែលបានបាញ់ទៅលើឃ្លាំងអាវុធរុស្ស៊ីក្នុងតំបន់ Bryansk នៅតាមព្រំដែនភាគខាងជើងនៃប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ពីសំណាក់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើគោលលទ្ធិនុយក្លេអ៊ែរថ្មីមួយ។ វា បន្ថយ កម្រិត ហាមឃាត់ដែល រុស្ស៊ី អាច នឹង ប្រើ អាវុធ បរមាណូ ដើម្បី រួម បញ្ចូល ការ ឆ្លើយតប នឹង ការ វាយ ប្រហារ ដែល គំរាម កំហែង ដល់ បូរណភាព ទឹកដី របស់ ខ្លួន។ គោលលទ្ធិនុយក្លេអ៊ែរថ្មី ក៏អនុញ្ញាតឱ្យរដ្ឋធានីមូស្គូ បញ្ចេញប្រតិកម្មនុយក្លេអ៊ែរក្នុងព្រឹត្តិការណ៍នៃការវាយប្រហារតាមអាកាសដ៏ធំ បើទោះបីជាវាគ្រាន់តែជាអាវុធធម្មតាក៏ដោយ៕

