ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ “ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែបានធ្វើជាគំរូជាប្រចាំរួចមកហើយ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាលជារួម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកគាំទ្រដល់ក្រសួង ស្ថាប័នដទៃទៀតក្នុងប្រតិបត្តិការ។” នេះជាប្រសាសន៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ លើកឡើងក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ»។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លើកឡើងដូច្នេះ ដោយបានរៀបរាប់បន្ថែមថា “ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំការងារកែទម្រង់យ៉ាងមោះមុត ហ្មត់ចត់ ជាពិសេសភាពជាគំរូ ក្នុងការអនុវត្តការពិនិត្យឡើងវិញ និងការវិភាគមុខងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែ និងត្រូវតែធ្វើជាគំរូជាប្រចាំរួចមកហើយ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈម និងបញ្ហាស្មុគស្មាញជាច្រើនឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាលជារួម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកគាំទ្រដល់ក្រសួង ស្ថាប័នដទៃទៀតក្នុងប្រតិបត្តិការលើការវិភាគមុខងារ។ ជាក់ស្តែង ក្នុងស្មារតី «រៀបចំផ្ទះឱ្យរៀបរយ» ក្រសួងមុខងារសាធារណៈ បានពិនិត្យ វិភាគ និងបានកែលម្អរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង ក្នុងអភិក្រម«ពង្រឹងជាជាងពង្រីក» ហើយប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់សក្តានុពលដោយប្តេជ្ញាមិនជ្រើសរើសមន្ត្រីថ្មី រហូតដល់ឆ្នាំ២០២៥ក្រៅពីរង្វង់នៃមន្ត្រីចូលនិវត្តន៍ ឬជ្រើសតែមន្ត្រីបច្ចេកទេសក្នុងបរិវត្តឌីជីថល ផ្អែកលើកិច្ចព្រមព្រៀងការងារ រួមទាំងការងារតូច ធំជាច្រើនទៀត ក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈផង និងការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផង”។
ឯកឧត្តមបានបន្តថា “ការវិភាគមុខងារ ជាដំណាក់កាលនៃការពិនិត្យមើលស្ថានភាព សុខភាពស្ថាប័ន ដែលយើងអាចមើលឃើញអំពីបញ្ហាប្រឈម ហើយអាចគិតគូរអំពីវិធានការជាបន្តបន្ទាប់ នៅក្នុងក្របខណ្ឌនៃការធ្វើឱ្យស្ថាប័នរបស់យើងកាន់តែប្រសើរ។ ការពិនិត្យឡើងវិញ ការវិភាគមុខងារ ដើម្បីឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត និងធ្វើឱ្យស្ថាប័នរបស់យើងមានលក្ខខណ្ឌកាន់តែសមស្របឆ្លើយតបទៅនឹងបរិបត្តិ នៃការប្រែប្រួលផ្នែកនយោបាយ ការប្រែប្រួលផ្នែកសេដ្ឋកិច្ចសង្គម ការអនុវត្តនៃបច្ចេកវិទ្យា ការវិវត្តនៃបរិស្ថាន និងកត្តាផ្សេងៗទៀត យើងអាចវិវត្តខ្លួនកាន់តែប្រសើរទៅសម្រេចគោលដៅ ដើម្បីប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ជាចក្ខុវិស័យរបស់យើងទាំងអស់គ្នា។ សមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបានថ្ងៃនេះ នឹងជះឥទ្ធិពលដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងកូនចៅ នាថ្ងៃអនាគត ពោរពេញដោយទំនុកចិត្តចំពោះវិស័យសាធារណៈ និងពេញចិត្តចំពោះការផ្តល់សេវាសាធារណៈ នៃស្ថាប័នសាធារណៈនីមួយៗ ដែលជាការរួមចំណែកក្នុងការកែលម្អប្រសិទ្ធភាពការងារស្ថាប័នសាធារណៈរបស់យើងទាំងអស់គ្នា ក្នុងការទ្រទ្រង់កំណើតសេដ្ឋកិច្ច ធានានូវស្ថេរភាពនយោបាយ ធានានូវស្ថេរភាពសង្គម” ៕

