ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយលោក Marcos Neto ជំនួយការអគ្គលេខាធិការនៃ UNDP នៅសន្និសិទបណ្តាភាគីលើកទី២៩ UNFCCC ។
នៅក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ជាពិសេសកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងការបង្កើនជីវភាពរបស់សហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាពក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាពស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅទន្លេសាប និងត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវវិធានប្រតិបត្តនៃមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Marcos Neto បានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យក្នុងការងារការពារធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន UNDP បាននឹងកំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើននៅសម្រាបមូលនិធិអាកាសធាតុបៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និងUNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕

