យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅលើកោះ Flores ប្រទេសឥណ្ឌូនេស៊ី

ហ្សាកាតា៖ ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងសកម្មមួយនៅលើកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ នេះបើតាមមន្ត្រីក្នុងតំបន់ម្នាក់បានបញ្ជាក់។
លោក Avi Mangota Hallan ប្រធានផ្នែកឆ្លើយតបបន្ទាន់ និងដឹកជញ្ជូនសម្រាប់ស្រុក East Flores បានឲ្យដឹងថា ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះដែលអាចជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះដែលដួលរលំ។
លោក Hallan បានប្រាប់ dpa ថាយើងកំពុងធ្វើការវាយតម្លៃ ហើយប្រហែលជាមានអ្នកស្លាប់ និងរបួសច្រើនជាងនេះ។
ការផ្ទុះនេះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកភូមិក្បែរនោះ ដោយជាច្រើននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈមានផេះ និងកំទេចកំទីបានធ្លាក់ភ្លៀង។
មេភូមិ Petrus Muda បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara ថា ជនរងគ្រោះបានស្លាប់នៅពេលដែលផ្ទះរបស់ពួកគេដួលរលំដោយសារតែការផ្ទុះភ្នំភ្លើង។
លោក Petrus ត្រូវបានគេដកស្រង់សម្តីថា ភ្នំភ្លើងបានផ្ទុះឡើងនៅម៉ោង ១២:៣០នាទីព្រឹក ម៉ោងក្នុងស្រុក (1730 GMT ថ្ងៃអាទិត្យ)។ គ្រួសារមួយមានគ្នា ៦នាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែក។ លោកថា អ្នកភូមិបានភៀសខ្លួនចេញពីផ្ទះទាំងភ័យស្លន់ស្លោ។
លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងឆ្លើយតបក្នុងគ្រាអាសន្នកំពុងបន្ត ដោយរដ្ឋាភិបាលបានប្រកាសភាពអាសន្ននៅក្នុងតំបន់ដែលរងផលប៉ះពាល់រហូតដល់ថ្ងៃទី៣១ ខែធ្នូ។
អាជ្ញាធរក៏បានបញ្ជាក់ថា ពួកគេនៅតែកំពុងប្រមូលទិន្នន័យអំពីចំនួនអ្នកជម្លៀស និងអគារដែលរងការខូចខាត។
ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើខ្សែសង្វាក់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់នៃសកម្មភាពរញ្ជួយដីខ្ពស់នៅលើបន្ទះ tectonic ជាច្រើន។
ការផ្ទុះនេះបន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៃភ្នំភ្លើងខុសៗគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី។ កាលពីខែឧសភា ភ្នំភ្លើងមួយនៅលើកោះដាច់ស្រយាលនៃ Halmahera ភ្នំ Ibu បានបណ្តាលឱ្យមានការជម្លៀសប្រជាជនចេញពីភូមិចំនួនប្រាំពីរ។
ភ្នំភ្លើង Ruang នៃភាគខាងជើង Sulawesi ក៏បានផ្ទុះឡើងនៅក្នុងខែឧសភា ហើយបានជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ១២,០០០នាក់។
ទឹកជំនន់ភ្លាមៗ និងលំហូរកម្អែរត្រជាក់ចេញពីភ្នំ Marapi ក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិច បានគ្របដណ្ដប់ស្រុកនៅក្បែរនោះជាច្រើន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី១១ ឧសភា ដែលបានសម្លាប់មនុស្សជាង ៦០នាក់។
