នាយឧត្ដមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ដែលបានទទួលមរណភាពនៅវេលាម៉ោង ១០ និង ៣៥នាទី ព្រឹកថ្ងៃសុក្រុ ទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ ជាទីរាប់អានដ៏ជ្រាលជ្រៅ ក្នុងនាមមេបញ្ជាការ និងក្នុងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងដ៏សែនក្រៀមក្រំអំពី ដំណឹងមរណភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលត្រូវជាស្វាមីរបស់លោកជំទាវ លោកបានទទួលមរណភាព។
នៅក្នុងវេលាដ៏ក្រៀមក្រំនេះ ក្នុងនាមកងរាជអាវុធហត្ថ សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលជាស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រូសារ ដែលកន្លងទៅបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រាបុត្រី ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឯកឧត្តម ក៏បានដឹកនាំវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការលើកម្ពស់នយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រមទាំងរូបបិយប័ណ្ឌក្នុងស្រុក។
ជាមួយគ្នានេះ ឯកឧត្តម គឺជាឥស្សជនមួយរូបពោរពេញដោយមនសិការបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានទៅដល់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕

