វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូ សមាគមមិត្តភាពរណសិរ្ស ភូមិភាគនិរតីកម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ ដឹកនាំដោយឧត្តមសេនីយ៍ទោ ហា មិញថាម អតីតប្រធានស្នងការនយោបាយ អង្គទ័ពលេខ៣ និងប្រតិភូចំនួន៤៦នាក់ អញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការ និងសំណេះសំណាលសាកសួរសុខទុក្ខស្វែងយល់ពីសកម្មភាពការងាររបស់ កងពលធំអន្តរាគមន៍លេខ២ ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានមានប្រសាសន៍សំណេះសំណាល ចូលនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល ប្រជាជន និងកងទ័ពប្រជាជនវៀតណាមចំពោះសោកនាដកម្មបង្កឡើងដោយព្យុះទីហ្វុង ដែលបានវាយប្រហារបំផ្លិចបំផ្លាញខេត្តភាគខាងជើង។
នាឱកាសនេះកងពលធំអន្តរាគមន៍លេខ២ បានទទួលប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ នៃទិសនិរតីកម្ពុជា ដែលបានអញ្ជើញទស្សនកិច្ចផ្លូវការ និងស្វែងយល់ដកបទពិសោធន៍ការងារជាមួយអង្គភាព កងពលធំអន្តរាគមន៍លេខ២ ដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងទៅ។
ឧត្តមសេនីយ៍ឯក កែវ ធី ក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីរចនាសម្ព័ន្ធ និងជីវប្រវត្តបង្កើត កងពលធំអន្តរាគមន៍លេខ២ ដែលមានការដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានកងកម្លំាងប្រដាប់អាវុធទាំង៣ ជាប្រធាន និងជាអនុប្រធាន បានធ្វើឲ្យសកម្មភាពការងាររបស់អង្គភាពមានការរីកចម្រើន និងបំរើជូនដល់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ បានល្អប្រសើរ ។
ឧត្តមសេនីយ៍ទោ ហា មិញថាម ប្រធានប្រតិភូនៃសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ បានថ្លែងនូវការកោតសរសើរចំពោះព្រះរាជាណាចក្រកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនោះដែរប្រធានប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អង្គទ័ពទី៣ ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញ
ភារកិច្ចរបស់កងពលធំអន្តរាគមន៍លេខ២ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាករបស់អតីតយុទ្ធជន ជាគំរូដ៏ល្អ ត្រូវដែលរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីដកបទពិសោធន៍ក្នុងការអនុវត្តន៍បន្ត ។
ឧត្តមសេនីយ៍ទោ ហា ម៉ិញថាម បានថ្លែងអំណរគុណ
ចំពោះឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុតចំពោះគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅពេលនេះ និងសូមឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ កងទ័ពទាំងពីរ និងប្រទេសទាំងពីរ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជឿនលឿនរបស់ប្រទេសរៀងៗខ្លួន។

