កម្ពុជា បើកចំហស្វាគមន៍ការចូលរួមវិនិយោគ ពីគ្រប់តួអង្គពាក់ព័ន្ធសំដៅឈានឆ្ពោះសម្រេចបាន នូវការធ្វើសមាហរណកម្ម

ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាការតភ្ជាប់តំបន់មេគង្គ-ឥណ្ឌូនេស៊ី ក្នុងគោលបំណងចែករំលែកទស្សនទានស្តីពីការជំរុញ និងទាក់ទាញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
មានមតិក្នុងវេទិកា ឯកឧត្តមបានធ្វើការគូសរំលេចអំពីសាវតារនៃការអភិវឌ្ឍ និងស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកកិច្ចការនេះជាការងារអាទិភាពគន្លឹះ។
ស្របគ្នាផងដែរ ឯកឧត្តមបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍន៍ និងដំឡើងកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដោយបើកចំហស្វាគមន៍ការចូលរួមវិនិយោគពីគ្រប់តួអង្គពាក់ព័ន្ធ, វិស័យឯកជន, ក៏ដូចជាដៃគូអភិវឌ្ឍន៍សំដៅឈានឆ្ពោះសម្រេចបាននូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់។
លើសពីនេះ ឯកឧត្តមក៏បានឆ្លៀតយកឱកាសនៃវេទិកាខាងលើដើម្បីធ្វើការផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគលើគម្រោងចំនួន១៧៤ នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣ – ២០៣៣ ផងដែរ ៕

