យោធិន៤៨រូប នៃកងពលតូចថ្មើរជើងលេខ៣១ បានដាក់ចូលនិវត្តន៍ក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៣១ បានប្រារពពិធី សំណេះសំណាល យោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឡាន ប៊ុនធឿន មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៣១ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្ដមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពល ។
លោកវរសេនីយ៍ត្រី កាន សុភក្កិ នាយរង ការិយាល័យទី១ កងពលតូចថ្មើរជើងលេខ៣១ អានព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្ដីប្រកាស ដោយ បានគូសបញ្ជាក់ថា÷យោធិន នៃកងពលតូចថ្មើរជើងលេខ៣១ ដែលបានដាក់ចូលនិវត្តន៍ក្នុងឆ្នាំ២០២៤ នេះសរុប មានចំនួន ៤៨រូប ក្នុងនោះ ថ្នាក់ឧត្ដមសេនីយ៍ត្រី ១រូប ថ្នាក់វរសេនីយ៍ត្រី ១រូប ថ្នាក់អនុសេនីយ៍ឯក ៩ រូប ថ្នាក់អនុសេនីយ៍ទោ ១២រូប ថ្នាក់អនុសេនីយ៍ត្រី ៧រូប ថ្នាក់នាយចំណង់ ១៣ រូប ថ្នាក់ព្រិន្ទបាលឯក ៥រូប ។
ឧត្តមសេនីយ៍ត្រី ឡាន ប៊ុនធឿន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពល ជូនចំពោះ បងប្អូនយោធិនចូលសោធននិវត្តន៍ទាំងអស់ និងក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ត្រី ឡាន ប៊ុនធឿន ក៏បានមានប្រសាសន៍ បន្តទៀតថា៖យោងតាមច្បាប់ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការកងទ័ពជើងគោក យោធិន គ្រប់អាយុចូលនិវត្តន៍ ត្រូវផ្ទេរពីកងទ័ពទៅរស់នៅស្ថាប័នស៊ីវិល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ លោកមេបញ្ជាការងក៏បានលើកឡើងអំពីគុណបំណាច់ និងស្នា ដៃរបស់បងប្អូនយោធិន ដែលបានរួមចំណែកក្នុងភារកិច្ច ការពារជាតិ មាតុភូមិ និងកសាងអភិវឌ្ឍន៍អង្គភាពបាន រីកចំរើនលើគ្រប់វិស័យ។ លោកមេបញ្ជាការរង ក៏បានផ្តាំផ្ញើរ ដល់បង ប្អូនយោធិនចូលនិវត្តន៍ទាំងអស់ពេលទៅរស់នៅមូលដ្ឋានត្រូវយកចិត្តទុកដាក់គោរពអនុវត្តន៍ច្បាប់របស់រដ្ឋចូលរួម ចំណែកក្នុងការកសាងភូមិ ឃុំ រឹងមាំ រីកចំរើន ឆ្លើយតបទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថភាព របស់រាជ រដ្ឋាភិបាល។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ឡាន ប៊ុនធឿន បានមានប្រសាសន៍ទៅកាន់បងប្អូនយោធិនចូលនិវត្តន៍ ដោយលើកឡើងអំពីការផ្សាភ្ជាប់មនោសញ្ចេតនាគោរពរាប់អាន និងបន្តទំនាក់ទំនងជាប់ជាប្រចាំរវាងអង្គភាព និងបងប្អូន។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរភោគ មួយចំនួន ដោយម្នាក់ៗទទួលបាន មី ១កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ ១យួត្រីខ ១យួ ក្រមា ១ អំបិល ៥គីឡូ ៕

