រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អញ្ជើញបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីយុត្តិធម៌ស្តីពី «សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់ជនមានពិការភាព»

ភ្នំពេញ៖ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីយុត្តិធម៌ស្តីពី«សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាព» ដែលរៀបចំឡើងនៅសណ្ឋាគារLBN ទីរួមខេត្តកំពង់ចាម ដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) គាំទ្រដោយទីភ្នាក់ងារសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(UNOHCHR) ដោយមានអ្នកចូលរួមសរុបចំនួន ៦០នាក់ ក្នុងនោះមានជនមានពិការភាពចំនួន ៥នាក់។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ម៉េត មករា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាកំពុងអនុវត្តបានយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការពិត ដើម្បីធានា និងលើកស្ទួយសមិទ្ធផលពេញលេញ នូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការភាពណាមួយឡើយ រួមទាំងស្រ្តីនិងកុមារមានពិការភាព៕

