ប្រទីបថ្មីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបង្ហាញសោភ័ណភាព ចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេស គណៈកម្មការ នៃអនុគណៈកម្មការ ទទួលបន្ទុករៀបចំប្រទីប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបើកកិច្ចប្រជុំរបស់ខ្លួននៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបច្ចេកទេស រចនាបថប្រទីបនិងខ្លឹមសារនានាអោយបានល្អត្រឹមត្រូវសម្រាប់យកទៅផ្សព្វផ្សាយ និងបង្ហាញអោយសាធារណជនទូទៅ បានឃើញនូវប្រទីបថ្មី ដែលមានសោភណភាពស្រស់ស្អាតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
តាមតូលេខបង្ហាញដោយ គណៈកម្មាធិការរៀចំបុណ្យជាតិ និងអន្តរជាតិ-អន្តរជាតិ បានឱ្យដឹងថា ចំនួនប្រទីបដែលត្រូវចូលបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួន ៣៥ ដោយប្រទីបក្រសួង-ស្ថាប័ន ៣៤ ប្រទីប ប្រទីបក្រុមហ៊ុនចំនួន ១ ហើយសម្រាប់ឆ្នាំនេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមោទនភាពបានរៀបចំប្រទីបចូលរួមសប្បាយរីករាយផងដែរ៕

