មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុល និងស្ដារឡើងវិញប្រព័ន្ធធាសាស្ត្រស្ទឹងជីនិត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យតាមដានលើវឌ្ឍនភាពគម្រោងជួសជុល និងស្ដារឡើងវិញរបស់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្ដកំពង់ធំ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរជាច្រើនរូប ក៏បានចុះត្រួតពិនិត្យវាយតម្លៃលើការអនុវត្តច្បាប់ទឹកក្នុងការបង្រ្កាបបទល្មើសជាក់ស្តែងនាពេលកន្លងមក ទៅលើក្រុមជនមួយចំនួនតូចដែលបានទន្រ្ទានកាន់កាប់ដីអាងទឹកនៃប្រព័ន្ធធារាសាស្រ្តខាងលើ ហើយដែលក្រសួងធនធានទឹក និងឧតុនិយមបានដកហូតមកទុកជាសម្បត្តិសាធារណៈរបស់រដ្ឋសម្រាប់ការប្រើប្រាស់រួមរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ទំនប់អាងទឹកស្ទឹងជីនិត ស្ថិតនៅលើដងស្ទឹងជីនិតផែ្នកកណ្តាល ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ដែលអាចរក្សាទឹកស្តុកទុកបាន ៤០លានម៉ែត្រគូប ហើយមានសក្ដានុពលបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន ១៨០០០ហិកតា និងស្រូវរដូវប្រាំងចំនួន ៧៣០០ហិកតា ៕

