នាវាចម្បាំងអាល្លឺម៉ង់ នឹងឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់លើកដំបូងក្នុងរយៈពេល២២ឆ្នាំ កំពុងធ្វើឱ្យនាគរាជចិនខឹងសម្បារ

បរទេស៖ នាវាចម្បាំងអាល្លឺម៉ង់ពីរគ្រឿង គ្រោងនឹងឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់ដ៏រសើប នៅពាក់កណ្តាលខែនេះ ក្លាយជានាវាកងទ័ពជើងទឹកអាល្លឺម៉ង់ដំបូងគេ ដែលឆ្លងកាត់ផ្លូវទឹកនេះក្នុងរយៈពេល២២ឆ្នាំ នេះបើតាមការបញ្ជាក់របស់ទស្សនាវដ្ដី Spiegel។
រ៉យទ័របានរាយការណ៍កាលពីខែមុនថា នាវាចម្បាំងកំពុងរង់ចាំការអនុម័តពីរដ្ឋធានីប៊ែរឡាំង ដើម្បីឆ្លងកាត់ច្រកសមុទ្ទ ដោយជំរុញឱ្យមានការស្តីបន្ទោសពីរដ្ឋធានីប៉េកាំង។ ទស្សនាវដ្តី Spiegel យោងតាមប្រភពដែលខ្លួនទទួលបាន បញ្ជាក់ថា រដ្ឋធានីប៉េកាំងនឹងមិនត្រូវបានជូនដំណឹងជាផ្លូវការ អំពីការឆ្លងកាត់របស់នាវាអាល្លឺម៉ង់នោះទេ ដើម្បីសង្កត់ធ្ងន់ថា រដ្ឋធានីប៊ែកឡាំងចាត់ទុកការធ្វើដំណើរនេះ គឺជារឿងធម្មតា។ ខណៈដែលសហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀត រួមទាំងកាណាដា បានបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្ទក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ វានឹងក្លាយជាការឆ្លងកាត់លើកដំបូងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០០២មក។
ប្រទេសចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ហើយអះអាងថា ខ្លួនមានយុត្តាធិការលើផ្លូវទឹកជិត១៨០គីឡូម៉ែត្រនេះ។ កោះតៃវ៉ាន់ បានជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយទទូចថា មានតែប្រជាជនកោះនេះប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ ច្រកសមុទ្ទតៃវ៉ាន់ គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ដែលនាវាដឹកកុងតឺន័ប្រហែលពាក់កណ្តាលនៃនាវាកុងតឺន័រពិភពលោកបានបើកឆ្លងកាត់ ហើយទាំងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ខ្លួនឯង អះអាងថា វាជាផ្លូវទឹកអន្តរជាតិ។ មេបញ្ជាការក្រុមបេសកកម្មកងទ័ពជើងទឹកអាល្លឺម៉ង់ លោកឧត្តមនាវីឯក Rear Axel Schulz ជឿជាក់ថា ការអនុម័តបែបនេះ នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសអាល្លឺម៉ង់ ចំពោះបទបញ្ជាផ្អែកលើច្បាប់ និងដំណោះស្រាយដោយសន្តិវិធីនៃជម្លោះទឹកដី។
នាវាអាល្លឺម៉ង់ទាំងពីរគ្រឿង កំពុងចូលរួមសមយុទ្ធជាមួយបារាំង ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងសហរដ្ឋអាម៉េរិក។ ប្រទេសចិន តែងតែថ្កោលទោសការបើកនាវាឆ្លងកាត់ផ្លូវទឹកដោយនាវាចម្បាំងបរទេស ដោយលើកហេតុផលថា វាធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អាល្លឺម៉ង់ ជាដៃគូពាណិជ្ជកម្មទាំងជាមួយចិន និងកោះតៃវ៉ាន់ បានពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងមហិច្ឆតាទាមទារទឹកដីដែលកំពុងកើនឡើងរបស់រដ្ឋធានីប៉េកាំង។

