ស្ត្រីទើបសម្រាលកូន មានជីវភាពខ្វះខាត ចំនួន២គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ប៊ិន សម្បត្តិ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្រ្ជៀច តំណាងលោកសឿង សុជាតិប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្រ្ជៀច និងសហការី ព្រមទាំងក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្ជ្រៀច ផ្តល់ជូនស្ត្រីទើបសម្រាលកូន ដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅឃុំគោកគង់កើត ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។
នាឱកាសនោះ លោក ប៊ិន សម្បត្ដិ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្រ្តីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត និងសូមខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមបំបៅកូនដោយទឹកដោះ ពិសេសត្រូវបរិភោគអាហារដែលមានជីវជាតិ ឱ្យបានច្រើន។
នាឱកាសនោះ លោក ប៊ិន សម្បត្ដិ អនុប្រធានអនុសាខា និងសហការី បានបញ្រ្ជៀបការអប់រំផ្សព្វផ្សាយបន្ថែមអំពីគោលការណ៍គ្រឹះកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន និងវិធានការការពារពីជំងឺគ្រុនឈាម-គ្រុនឈីក សរុបអ្នកចូលរួមចំនួន ៣០នាក់។
សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារ ទទួលបាន៖ មុងសុវត្ថិភាព ១ ឃីតទារក ១កញ្ចប់(សំលៀកបំពាក់ ២ឈុត ស្រោមដៃ និងស្រោមជើង និងមួក ២ឈុត) ពូក ១ សាប៊ូ ១ដប កន្ទ្រក់១ និងថវិកាចំនួន ៤០,០០០រៀល៕

