មេដឹកនាំអេហ្ស៊ីប កាតា អាមេរិក ជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យបន្តការចរចាបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់

ក្រុងគែរ៖ មេដឹកនាំនៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស់កុំឱ្យខ្ជះខ្ជាយពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបន្តការចរចាឡើងវិញនៅថ្ងៃទី១៥ ខែសីហា។
ប្រទេសទាំងបីបានអញ្ជើញអ៊ីស្រាអែល និងក្រុមហាម៉ាស់ ឱ្យបន្តការពិភាក្សាជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នៅទីក្រុងដូហា ឬទីក្រុងគែរ ដើម្បីបិទចន្លោះប្រហោងដែលនៅសេសសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយប្រធានាធិបតីអេហ្ស៊ីប។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថាកិច្ចព្រមព្រៀងបទឈប់បាញ់ ឥឡូវនេះគឺនៅលើតុដែលមានតែព័ត៌មានលម្អិតនៃការអនុវត្តនៅសល់ដើម្បីបញ្ចប់។
អ្នកសម្រុះសម្រួលទាំងបីនៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា មិនមានពេលវេលាបន្ថែមទៀតដើម្បីខ្ជះខ្ជាយឬលេសពីភាគីណាមួយសម្រាប់ការពន្យារពេលបន្ថែមទៀតនោះទេ។ វាដល់ពេលដែលត្រូវដោះលែងចំណាប់ខ្មាំង ចាប់ផ្តើមបទឈប់បាញ់ និងអនុវត្តកិច្ចព្រមព្រៀងនេះ។
ទីក្រុងគែរ ដូហា និងវ៉ាស៊ីនតោនបានសម្រុះសម្រួលបទឈប់បាញ់រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរួមមានការផ្លាស់ប្តូររវាងអ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងអ៊ីស្រាអែល និងការបញ្ជូនជំនួយមនុស្សធម៌បន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា។ ទោះជាយ៉ាងនេះក្តី កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលនៅពេលក្រោយ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់មិនទាន់ទទួលបានផ្លែផ្កានៅឡើយ។
ក្នុងរយៈពេល១០ខែកន្លងមកនេះ ជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីនបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៩,៦៩៩នាក់ និងរបួស ៩១,៧២២នាក់ផ្សេងទៀត នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្គាហ្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
