កម្ពុជា រកចំណូលបានជាង ២៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១សីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប៤៨៤ ៣៧៥នាក់ ពោលគឺកើនឡើង៣៣ភាគរយ និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាម៉េរិក កើនឡើង៣៣,៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបាន ២ ៨១៩ ៧៣៥ដុល្លារអាម៉េរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរចំនួន៦២ ៤២៥នាក់។ ទន្ទឹមនឹងគ្នានោះ ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរសម្រាប់រយៈពេល៧ខែនេះ មានចំនួន១៧៧ ៣១៥ ដុល្លារ ពីអ្នកទេសចរបរទេស១១ ៨២១នាក់ និងការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសបានចំនួន៤៧៣ ៦២២ដុល្លារអាម៉េរិកផងដែរ។
គ្រឹះស្ថានអង្គរបន្ថែមថា រយៈពេល៧ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ ១៦៨ ៧៥០ដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយអង្គរ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ គិតត្រឹម១សប្ដាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ ២៧៤ ៦៧៥នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ៥៦ ៤២៣នាក់។ ដោយឡែក ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប៤៦៦ជើងហោះហើរក្នុងនោះ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន៣៤៥ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន១០២ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៩ជើងផងដែរ៕

