ឧត្តមសេនីយ៍ឯក គង់ សាលី អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគិលានុបដ្ឋាក ជំនាន់ទី១៤ យោធភូមិភាគទី៥

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ នាយក នាយកដ្ឋាន សុខាភិបាល ក្រសួងការពារជាតិ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគិលានុបដ្ឋាកបឋមជំនាន់ ទី១៤ នៅសាលប្រជុំអគារសេនាធិការ ទីបញ្ជាការយោធភូមិភាគទី៥ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការគ្រប់បណ្តាកងឯកភាពចំណុះ នាយទាហាន នាយទាហានរង និង ពលទាហាន ចំណុះយោធភូមិភាគទី៥ ។ វគ្គសិក្សាមានរយៈពេល ១២ខែ មានសិក្ខាកាមសរុបចំនួន ៤០នាក់ ។
ឧត្តមសេនីយ៍ឯក គង់ សាលី បានថ្លែងថាក្មួយៗដែលមានមុខក្នុងថ្ងៃបើកវគ្គនេះត្រូវ ខិតខំរៀនសូត្រយកចំណេះដឹង ចំណេះធ្វើទូទៅ ដែលសាលា និងគ្រូយោធាចារ្យបានផ្តល់ដល់ក្មួយៗ។ សម្រាប់អនាគតក្មួយៗត្រូវមានចក្ខុវិស័យក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងចំណេះធ្វើទៅតាមការវិវឌ្ឍន៍សភាពការណ៍ថ្មីៗ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាលើពិភពលោកផងដែរ។
ឧត្តមសេនីយ៍ឯក គង់ សាលី បានសង្កត់ធ្ងន់ថា ក្មួយៗជាទំពាំងស្នងឫស្សី ត្រូវបន្តខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ និងប្រជាជន ត្រូវបន្តលើកកម្ពស់ស្មារតីដើម្បីជាតិ មាតុភូមិ និងប្រជាជន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ និងឧបត្ថម្ភថវិកា ចំនួន ១.០០០.០០០រៀលផងដែរ ៕

