មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង អះអាងថាសត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានប្រទះឃើញឡើងវិញនៅតំបន់ព្រៃការពារ ក្រោយដីព្រៃរាប់ម៉ឺនហិកតាត្រូវបានដកហូតពីអ្នកកាន់កាប់ខុសច្បាប់

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង អះអាងថា សត្វព្រៃកម្រជាច្រើនប្រភេទត្រូវបានប្រទះឃើញឡើងវិញនៅតំបន់ព្រៃការពារ ក្រោយបាត់វត្តមានសត្វទាំងនោះអស់ជាច្រើនឆ្នាំ និងបន្ទាប់ពីរដ្ឋបានដកហូតដីព្រៃជាច្រើនម៉ឺនហិកតាពីអ្នកកាន់កាប់ដោយខុសច្បាប់កន្លងមក។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងអំឡុងពេលមន្ត្រីបរិស្ថានចុះល្បាតព្រៃការពារធម្មជាតិ ក្រុមការងារបានប្រទះឃើញហ្វូងសត្វព្រៃកម្រៗជាច្រើនប្រភេទ រួមមាន៖ ទន្សោង ឈ្លូស ខ្ទីង ប្រើស ជាដើម ដែលពួកវាបានផ្លាស់ទីពីកន្លែងថ្មីមករស់នៅក្នុងតំបន់ព្រៃការពារនេះវិញ ក្រោយហ្វូងសត្វព្រៃកម្រទាំងនេះ បានរត់គេចខ្លួនបាត់មួយរយៈ ព្រោះតែការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិពីសំណាក់ក្រុមជនខិលខូចមួយចំនួន ដែលអជ្ញាធរបានចុះបង្ក្រាប។ លោកប្រធានមន្ទីរបរិស្ថាន គូសបញ្ជាក់បន្ថែមថា ទើបតែរយៈពេលថ្មីៗនេះទេ ដែលក្រុមមន្ត្រីបរិស្ថានចុះល្បាតប្រទះឃើញពពួកសត្វព្រៃទាំងនោះមករស់នៅកន្លែងដើមរបស់ពួកវាវិញ ខណៈដីព្រៃជាង១ម៉ឺនហិកតា ត្រូវបានក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះបង្ក្រាប និងដកហូតបានមកវិញ។
ចំណែក លោក ឈន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានឱ្យដឹងផងដែរថា ការប្រទះឃើញហ្វូងសត្វព្រៃខាងលើនេះ គឺក្រុមការងារល្បាតនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយគណ:កម្មការសហគមន៍ព្រៃឈើ (ប្រជុំមិត្ត) ស្ថិតនៅឃុំសំអាង ចុះល្បាតត្រួតពិនិត្យរួមគ្នា និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្នុងតំបន់ការពារទេសភាពក្នុងខេត្តស្ទឹងត្រែង ក៏បានជួបដានជើងសត្វទន្សោងមួយហ្វូង ហើយក្រុមការងារក៏បានបន្តទៅមើលកាមេរ៉ាថតរូបភាពសត្វ ដែលមន្ត្រីសហគមន៍បានបំពាក់ក្នុងព្រៃ ក៏បានឃើញសត្វទន្សោងទាំងហ្វូងផ្អើលរត់ដេញគ្នាក្នុងព្រៃជាច្រើនតែម្ដង។ យ៉ាងណា លោក ឈន ឆន បន្តថា យោងតាមការផ្ដល់ព័ត៌មានពីគណ:កម្មការសហគមន៍(ប្រជុំមិត្ត) បានឱ្យដឹងថា ក្នុងព្រៃនេះ កាលពីមិនទាន់មានការកាប់ទន្ទ្រានព្រៃយកដីពីសំណាក់ក្រុមជនទុច្ចរិតបំផ្លាញសម្បត្តិធម្មជាតិ គឺសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទដូចជា៖ ជ្រូកព្រៃ ខ្ទីង ទន្សោង ឈ្លូស ប្រើស និងសត្វចតុប្បាទរាប់សិបប្រភេទទៀត ដែលត្រូវបានថតជាប់ដោយកាមេរ៉ាបំពាក់ចាំថតក្នុងព្រៃ។
លោក ឈន ឆន គូសបញ្ជាក់បន្ថែមថា កម្លាំងរបស់លោកបានចុះល្បាតជាប់ជាប្រចាំ ក្នុងតំបន់ការពារទេសភាពរ៉ាមសា ដែលមានសហគមន៍ប្រជុំមិត្ត, សហគមន៍ជាំពេជ្រ, សហគមន៍អូរស្វាយ, សហគមន៍ភ្នំរមៀត និងសហគមន៍ក្រឡាពាស។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានក្រុមជនទុច្ចរិតមានលុយ មានអំណាច ចូលកាប់គាស់ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ បង្កឱ្យសត្វព្រៃកម្រៗជាច្រើនប្រភេទ បាននាំគ្នាភាសខ្លួនធ្វើចំណាកទីលំនៅទៅរកកន្លែងសុខសុវត្ថិភាព ទើបក្រុមការងាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយលោកប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារពិសេស និងជានាយករងខុទ្ទការល័យ ចុះមកបង្ក្រាប និងដកហូតដីព្រៃបានជិត២ម៉ឺនហិកតានៅខេត្តស្ទឹងត្រែង ប្រគល់ជូនរដ្ឋវិញកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ៕

