ចំនួនអ្នកស្លាប់កើនឡើងដល់ ១៤នាក់ ក្នុងហេតុការណ៍បាក់អគារនៅ S. Egypt

ទីក្រុងគែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដាថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារ៣ជាន់ នៅក្នុងអភិបាលខេត្ត Assiut ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប បានកើនឡើងដល់ ១៤នាក់ ខណៈអ្នកស្រុក ៦នាក់ផ្សេងទៀតបានរងរបួស។
អគារនេះបានដួលរលំនៅក្នុងស្រុក East Assiut កាលពីថ្ងៃចន្ទ ហើយក្រុមជួយសង្គ្រោះបាននិងកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃខេត្ត Assiut។
អភិបាលខេត្ត Assiut លោក Essam Saad បានទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជាឱ្យមានការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវជំនួយហិរញ្ញវត្ថុជាបន្ទាន់ដល់គ្រួសារជនរងគ្រោះ និងជំនួយចាំបាច់ទាំងអស់ដល់អ្នករបួស។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកអភិបាលក៏បានស្នើឱ្យបង្កើតគណៈកម្មការវិស្វកម្មមួយ ដើម្បីពិនិត្យមើលអគារដែលដួលរលំ និងកន្លែងជុំវិញ ស្វែងរកមូលហេតុនៃការដួលរលំ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពផ្ទះនៅក្បែរនោះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ផ្ទះអ្នកជិតខាងត្រូវបានត្រួតពិនិត្យដើម្បីធានាសុវត្ថិភាពរបស់ពួកគេ ហើយផ្ទះដែលរងការខូចខាតមួយចំនួនត្រូវបានជម្លៀសចេញ ហើយវិធានការបន្ទាន់ចាំបាច់ត្រូវបានចាត់វិធានការដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ 
