រថយន្តពីរគ្រឿងបុកគ្នាលើផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់ និងរបួសជនជាតិចិន២នាក់

ភ្នំពេញ៖ នៅវេលាម៉ោង០៧និង០៤នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនស្រាលបុកពីក្រោយរថយន្តធុនធ្ងន់ក្នុងទិសដៅស្របគ្នាលើផ្លូវល្បឿនលឿនបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងស្រីម្នាក់ទៀតជនជាតិចិនដូចគ្នារងរបួសធ្ងន់ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦-១១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបង្កទ្បើងដោយរថយន្ត០១គ្រឿងម៉ាក AUDI A8 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AC-1001 បើកដោយឈ្មោះ WEI YAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្ត០១គ្រឿង ក្នុងទិសដៅស្របគ្នាម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5675 សណ្តោងសឺមីរ៉ឺម៉កពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ ៤A-១០២៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់។
សមត្ថកិច្ចបន្តថាហេតុការណ៍ខាងលើបណ្តាលឱ្យ ឈ្មោះ PENG CHAO ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន អ្នករួមដំណើររថយន្ត AUDI អង្គុយកៅអីក្រោយបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ រីឯ ឈ្មោះ HU LING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន អ្នករួមដំណើរជាមួយអង្គុយកៅអីមុខរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងនោះមន្រ្តីជំនាញបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕

