សភាស្លូវេនី បោះឆ្នោតអនុម័តលើសំណើនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ

បរទេស៖ នៅថ្ងៃទី៤ ខែមិថុនា សភាស្លូវេនី បានបោះឆ្នោតអនុម័តលើសំណើនៃការទទួលស្គាល់ឋានៈរដ្ឋរបស់ប៉ាឡេស្ទីនដែលជាវិធានការមួយដែលស្ថាប័ននីតិប្បញ្ញត្តិ នឹងសង្ឃឹមថានឹងជួយបញ្ឈប់អំពើហិង្សានៅក្នុងតំបន់ហ្គាហ្សា។
សមាជិកសភាចំនួន ៥២រូបក្នុងចំណោមអាសនៈចំនួន៩០ បានបោះឆ្នោតសម្រាប់ការទទួលស្គាល់នេះ ធ្វើឱ្យស្លូវេនី ដែលបច្ចុប្បន្នជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រធានសភា លោក Urska Klakocar Zupancic បានបញ្ជាក់បន្ទាប់ពីការបោះឆ្នោតថា សាធារណរដ្ឋស្លូវេនីបានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យភាពឯករាជ្យ។
ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនលើកកំពស់កេរ្តិ៍ឈ្មោះរបស់ស្លូវេនីជារដ្ឋដែលគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ហើយក្នុងពេលជាមួយគ្នានេះដាក់សម្ពាធលើភាគីទាំងពីរ៖ លើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារលើហ្គាហ្សា និងលើក្រុមហាម៉ាសដើម្បីដោះលែងចំណាប់ខ្មាំង។ នេះបើយោងតានរដ្ឋមន្ត្រីការបរទេស Tanja Fajon បានប្រាប់សភាមុនការបោះឆ្នោត។
សមាជិកភាគច្រើននៃគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សប្រជាធិបតេយ្យស្លូវេនីកណ្តាលស្តាំនិយម (SDS) មិនបានចូលរួមសម័យប្រជុំសភាទេ ប៉ុន្តែបានស្នើឱ្យមានការបោះឆ្នោតប្រជាមតិដើម្បីពន្យារពេលការបោះឆ្នោតសភាយ៉ាងហោចណាស់ ៣០ថ្ងៃ។ សំណើរបស់ពួកគេត្រូវបានច្រានចោលកាលពីថ្ងៃអង្គារដោយសំឡេងភាគច្រើននៅក្នុងសភា។ SDS អះអាងថា ការទទួលស្គាល់ប៉ាឡេស្ទីននឹងមិនបញ្ឈប់សង្គ្រាមនៅហ្គាហ្សាទេ ប៉ុន្តែនឹងប៉ះពាល់ដល់ផលប្រយោជន៍ស្លូវេនីប៉ុណ្ណោះ។
ប្រទេសន័រវេស អៀរឡង់ និងអេស្បាញបានធ្វើសេចក្តីប្រកាសសម្របសម្រួលមួយកាលពីថ្ងៃទី២២ ខែឧសភា ដោយប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋដែលមានសុពលភាពត្រឹមថ្ងៃទី២៨ ឧសភា។ ប៉ុន្តែការសម្រេចចិត្តរបស់ពួកគេត្រូវបានថ្កោលទោសដោយអ៊ីស្រាអែល។
កាលពីថ្ងៃចន្ទ អ្នកជំនាញ និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជាង ២០នាក់ បានអំពាវនាវឱ្យប្រទេសទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ រហូតមកដល់ពេលនេះ មានប្រទេសជាង ១៤០ប្រទេស បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួចហើយ ដែលតំណាងឱ្យជាង ២/៣ នៃសមាជិកភាពរបស់អង្គការសហប្រជាជាតិ។
