ក្រុម Houthis អះអាងថា ខ្លួនបានបាញ់មីស៊ីល ទៅកាន់ទីក្រុងកំពង់ផែ ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល

បរទេស៖ ក្រុម Houthi នៃប្រទេសយេម៉ែ បានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារដោយមីស៊ីលផ្លោងទៅលើទីក្រុងកំពង់ផែ Eilat ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល នេះបើតាមអ្នកនាំពាក្យយោធារបស់ក្រុមលោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
មន្ត្រី Houthi បានឲ្យដឹងថា កងកម្លាំងមីស៊ីលរបស់ក្រុម Houthi បានកំណត់គោលដៅលើទីតាំងយោធាមួយក្នុងទីក្រុង Eilat ជាមួយនឹងកាំជ្រួចដែលផលិតដោយខ្លួនឯងថ្មីមួយហៅថា “ប៉ាឡេស្ទីន” ដោយអះអាងថា “ប្រតិបត្តិការនេះបានសំរេចគោលដៅរបស់ខ្លួនដោយជោគជ័យ”។
លោកក៏បានសន្យាបន្តប្រតិបត្តិការយោធា “ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន” រហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ប៉ាឡេស្ទីន។
នៅព្រឹកថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Eilat បានស្ទាក់ចាប់កាំជ្រួចផ្លោងចេញពីទិសដៅនៃសមុទ្រក្រហម។
ក្រុមឧទ្ទាម Houthi ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើភាគខាងត្បូងអ៊ីស្រាអែល ហើយអ្វីដែលពួកគេបាននិយាយថា គឺជានាវាដែលភ្ជាប់ទំនាក់ទំនងអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។
នាវាជាច្រើនត្រូវបានគេរាយការណ៍ថាបានរងការខូចខាតដោយសារការវាយប្រហាររបស់ Houthi។
