ប្រទះឃើញគ្រាប់បែក២គ្រាប់ នៅខាងមុខផ្សារទំនើបព្រីន៍ម៉ល ក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ គ្រាប់បែកចំនួន២គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងធុងសំរាមនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកប្រភព។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខផ្សារទំនើបព្រីន៍ម៉ល ស្ថិតនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ខណៈពលរដ្ឋជាអ្នកប្រមូលសំរាម កំពុងលើកសំរាមដាក់ក្នុងរថយន្ត និងកាយរកសំបកកំប៉ុងអេតចាយ ស្រាប់តែប៉ះគ្រាប់បែក២គ្រាប់ ដោយមានមួយគ្រាប់ផ្ទុះហុយផ្សែងភ្លាមៗ និងមួយគ្រាប់ទៀតពុំទាន់ផ្ទុះនៅឡើយ។ ភ្លាមៗក៏បានរាយការណ៍ជូនមកអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ស្រាវជ្រាវ។ យ៉ាងណា ករណីនេះពុំបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
បើតាមសមត្ថកិច្ចបានឱ្យដឹងជាបឋមថា គ្រាប់បែកដែលបានផ្ទុះមួយគ្រាប់នោះជាគ្រាប់បែកផ្សែង និងមួយគ្រាប់ទៀតដែលពុំទាន់ផ្ទុះនោះអាជ្ញាធរពុំទាន់អាចបញ្ជាក់បាននៅឡើយថាវាជារបស់ពិតឬក្លែងក្លាយ៕

