ប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment បំពេញដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងរកឱកាសវិនិយោគ លើការបង្កើតសួនឧស្សាហកម្ម

ភ្នំពេញ៖ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាចុងខែឧសភានេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទីប្រឹក្សា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះ គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តម ក៏បានឆ្លៀតគូសបញ្ជាក់ជូន គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតប គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group បានជំរាបជូនឯកឧត្តមទីប្រឹក្សាអំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតសួនឧស្សាហកម្ម ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗ ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។
ឯកឧត្តមទីប្រឹក្សាបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group ចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យជាផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ ៕

