កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១០បន្ថែមទៀតរបស់ក្រសួង បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតC១ មុនឈានជើងចូលទីផ្សារការងារដែលសម្បូរបែប

ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១០បន្ថែមទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបណ្តុះបណ្តាលក្នុងវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញដើម្បីបញ្ជាក់សមត្ថភាពសិក្ខាកាមមុននឹងឈានជើងចូលទីផ្សារការងារក្រោយការបណ្តុះបណ្តាលរយៈពេល៤ខែ។
ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)ជាវិទ្យាស្ថានដែលបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសិក្ខាកាមថាមានមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការងារធ្វើសមរម្យក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ប៊ុន ភារិន៖ «សិក្ខាកាមដែលធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ សុទ្ធតែមានសមត្ថភាព ហើយភាគច្រើនសុទ្ធតែមានការងារធ្វើ។ មុខជំនាញដែលត្រូវប៉ាន់ជាងគេ គឺជំនាញអគ្គិសនី និងដុតនំ»។
សម្រាប់នាយកNPIC ការធ្វើតេស្តនេះ មានសារៈសំខាន់សម្រាប់សិក្ខាកាមព្រោះអាចបញ្ជាក់ពីសមត្ថភាពដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលបញ្ជាក់ពីតម្លៃនិងសមត្ថភាពសិក្ខាកាម។
ក្នុងវគ្គកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)ដែលសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃនេះ សិក្ខាកាមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១០៩នាក់ បានធ្វើតេស្តបញ្ជាក់សមត្ថភាពលើមុខជំនាញចំនួន៥ ដែលរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការថែទាំនិងជួសជុលរថយន្ត ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការផលិតនំ។
គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង៣៥ក្នុងចំណោម៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាល បានបញ្ចប់ការធ្វើតេស្តទាំង៣លើករបស់ខ្លួនបន្ទាប់ពីការធ្វើតេស្តលើកទី១ នៅថ្ងៃទី១៥ ខែឧសភា លើកទី២នៅថ្ងៃទី២០ ខែឧសភា និងលើកទី៣ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤បន្ទាប់ពីបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕

